បរទេស៖ គ្រោះរញ្ជួយដី មានកម្លាំង ៦,៤ រ៉ិចទ័រ បានវាយប្រហារ នៅក្នុងស្រុក Petrinja ជិតទីក្រុង​Zagreb ប្រទេសក្រូអាត  បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

លោក Andrej Plenkovic នាយករដ្ឋមន្ត្រីក្រូអាត ​បានប្រកាសតាមកញ្ចក់ទូរទស្សន៍ថា យើងទទួលបានព័ត៌មាន​ថា មានក្មេងស្រីម្នាក់ស្លាប់ និងមានមនុស្សជាច្រើននាក់ផ្សេងទៀត បានរបួស​។  នៅពេលនេះលោក​​បានធ្វើដំណើរទៅកាន់តំបន់មានការរញ្ជួយដីនោះ ដើម្បីត្រួតពិនិត្យមើលអំពីស្ថានភាពគ្រោះថ្នាក់ដោយផ្ទាល់ និងជួយដល់ប្រជាពលរដ្ឋរងគ្រោះ។

បើតាមបណ្តាញទូរទស្សន៍ ​HRT​បានផ្សាយថា ស្រុក ​Petrinja បានរងនូវការបំផ្លាញស្ទើរតែទាំងស្រុង។ ក្រៅពីនេះ ក៏មានមនុស្សជាច្រើននាក់បានរងរបួស ហើយក៏មានមនុស្សជាច្រើននាក់ផ្សេងទៀត កំពុងជាប់ នៅក្រោមគំនរ នៃអគារបាក់បែកផងដែរ។ ដោយឡែក ក្រុមអ្នកជួយសង្គ្រោះកំពុងតែខិតខំ ស្វែងរកអ្នក​ជាប់នៅក្រោមអគារបាក់បែក ដើម្បីជួយសង្រ្គោះ​ឲ្យទាន់ពេលវេលា​។ ​ជាមួយគ្នានេះ កងទ័ពបានបញ្ជូនរថយន្ដជាច្រើនគ្រឿង ទៅកាន់តំបន់នោះ ដើម្បីជួយដល់ប្រជាពលរដ្ឋផងដែរ។

លោក ​Darinko Dumbovic មន្ត្រីក្នុងតំបន់ បានបញ្ជាក់ថា «ស្រុករបស់យើងខ្ញុំ បានរងការបំផ្លាញស្ទើរតែទាំងស្រុង ពីគ្រោះធម្មជាតិរញ្ជួយដីនេះ ហើយមានមនុស្សស្លាប់ និងរបួសជាច្រើន​។ គ្រោះធម្មជាតិនេះ មានលក្ខណៈសាហាវដូចការទម្លាប់គ្រាប់បែកបរមាណូ នៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុនយ៉ាងដូច្នោះដែរ»៕