អាមេរិក៖ កាលពីថ្ងៃចន្ទកន្លងទៅនេះ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានប្រកាសថា ទីភ្នាក់ងារសន្តិសុខអាមេរិកដែលស្ថិតក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានបង្កការរាំងស្ទះដល់ការផ្ទេរអំណាច ហើយលោកថានេះគឺជាទង្វើគ្មានទំនួលខុសត្រូវ។

លោក ចូ បៃឌិន ក៏បានបញ្ជាក់ថា យើងបានជួបប្រទះការរារាំង ដែលបង្កឡើងដោយថ្នាក់ដឹកនាំនយោបាយមួយចំនួន នៃក្រសួងការពារជាតិ និងការិយាល័យគ្រប់គ្រងថវិកា។ លោកបានបន្ថែមទៀតថា បច្ចុប្បន្នយើងមិនបានទទួលព័ត៌មានគ្រប់គ្រាន់ តាមដែលយើងត្រូវការនោះទេ ពីសំណាក់រដ្ឋបាលជិតផុតអាណត្តិ ជាពិសេសគឺពាក់ព័ន្ធនឹងការងារសន្តិសុខជាតិ ហើយគាត់ថាសម្រាប់លោកផ្ទាល់ នេះគឺជាទង្វើគ្មានទំនួលខុសត្រូវ។

ការលើកឡើងខាងលើរបស់លោកចូ បៃឌិន គឺធ្វើឡើងបន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះ បានចូលរួមក្នុងកិច្ចប្រជុំមួយជាមួយក្រុមមន្រ្តីចាត់ចែង គោលនយោបាយការបរទេសរបស់លោកផ្ទាល់៕