ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅឆ្នាំ២០២០នេះ បានធ្លាក់ចុះក្នុងកម្រិតទាបបំផុតក្នុងរយៈពេលយ៉ាងហោចណាស់ ៣ ទស្សវត្សមកនេះដោយសារតែជំងឺកូវិត-19 គ្រោះមហន្តរាយធម្មជាតិ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ។

ការិយាល័យស្ថិតិទូទៅ (GSO) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សេដ្ឋកិច្ច បានកើនឡើង ២.៩១ ភាគរយនៅឆ្នាំនេះ បន្ទាប់ពីបានបង្ហាញពីកំណើនផលិតផលក្នុងស្រុកសរុបលើសពី ៧ ភាគរយក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា។ ការិយាល័យបានឲ្យដឹងថា ប្រទេសវៀតណាម ទំនងជាបានប្រកាសកំណើនពាណិជ្ជកម្មចំនួន ១៩.០៦ ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ ហើយតម្លៃទំនិញប្រើប្រាស់ជាមធ្យមបានកើនឡើង ៣.២៣ ភាគរយ។

ការិយាល័យបាននិយាយថា នេះគឺជាកម្រិតកំណើនផលិតផលក្នុងស្រុកសរុបទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សមកនេះ។ ទោះយ៉ាងណាខណៈពេលមានផលប៉ះពាល់អវិជ្ជមាននៃការរីករាលដាលជំងឺកូវីដ-១៩ កម្រិតនេះត្រូវបានគេចាត់ទុកថាជាជោគជ័យមួយសម្រាប់ប្រទេសវៀតណាម ដែលមានអត្រាកំណើនក្នុងចំណោមប្រទេសមានអត្រាខ្ពស់បំផុតនៅលើពិភពលោក។ ប្រទេសវៀតណាមបានប្រយុទ្ធប្រឆាំងនឹងជំងឺកូវិត-19 ដោយជោគជ័យ ប៉ុន្តែក្នុងពេលជាមួយគ្នាដែរ ប្រទេសនេះក៏បានរក្សាសេដ្ឋកិច្ចឱ្យនៅបើកចំហផងដែរ។

គួរបញ្ជាក់ថា ដោយមានវិធានការធ្វើចត្តាឡីស័ក និងតាមដានយ៉ាងតឹងរ៉ឹង ប្រទេសវៀតណាមបានទប់ទល់ការរីករាលដាលមេរោគបានឆាប់រហ័ស ដែលធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចងើបឡើងវិញលឿនជាងគេនៅតំបន់អាស៊ី។ ប្រទេសនេះមានអ្នកឆ្លងមេរោគសរុប ១,៤៥១ នាក់ និងមានអ្នកស្លាប់ចំនួន ៣៥ នាក់។