រដ្ឋធានីម៉ានីល៖ ក្រោយពេលបណ្ដាប្រទេស នៅក្នុងតំបន់អាស៊ានចំនួន២ទទួលបានវ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ពីសហរដ្ឋអាមេរិក ធ្វើឲ្យប្រជាពលរដ្ឋហ្វីលីពីន ដាក់គំនាបទៅលើរដ្ឋាភិបាល ទើបលោកប្រធានាធិបតី Duterte បានគំរាមដល់កងទ័ពអាមេរិកឲ្យដកចេញ ប្រសិនបើមិនបានបញ្ជូនវ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩មកឲ្យ ក្នុងពេលឆាប់ៗនេះទេ។

លោក​ Teodoro Locsin រដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានបញ្ជាក់ថា បើតាម​ព័ត៌មានពីស្ថានទូត​ហ្វីលីពីន ​ប្រចាំនៅសហរដ្ឋអាមេរិក បានឲ្យដឹងថា ក្រុមហ៊ុន Moderna បាន និងកំពុងបង្កើន​ល្បឿន បញ្ជូនវ៉ាក់សាំង​ មកកាន់ប្រទេសហ្វីលីពីន នាពេលឆាប់ៗខាងនេះ។

បើតាមគេហទំព័រ Worldometerបានចេញផ្សាយ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ថា ប្រទេសហ្វីលីពីន មានអ្នកឆ្លងកូវីដ-១៩ ចំនួន៤៧០ ៦៥០នាក់ ស្លាប់ ៩ ១២៤នាក់ ជាសះស្បើយ ៤៣៨ ៧៨០នាក់ អ្នកកំពុងសម្រាកព្យាបាល ២២ ៧៤៦នាក់ និងអ្នកឈឺធ្ងន់ ៧០៨នាក់។ ប្រទេសនេះ ឈរក្នុងតារាងលេខ២៩ នៃប្រទេសមានអ្នកឆ្លងច្រើនជាងគេ នៅលើពិភពលោក និងឈរលេខ២ នៃប្រទេសមានអ្នកឆ្លងច្រើន នៅក្នុងតំបន់អាស៊ាន។

សារព័ត៌មាន​ CNN បានផ្សាយថា លោករដ្ឋមន្ត្រីការបរទេសហ្វីលីពីន ​បានប្រកាស ​កាលពីថ្ងៃទី​២៧ ខែធ្នូ​ ឆ្នាំ២០២០ថា ក្រុមហ៊ុន Moderna របស់សហរដ្ឋអាមេរិក នឹងបញ្ជូនវ៉ាក់សាំងមកដល់ប្រទេសហ្វីលីពីន នាពេលឆាប់ៗនេះ។ ការបញ្ជូនវ៉ាក់សាំងរបស់ក្រុមហ៊ុនឱសថរបស់អាមេរិកមួយនេះ បានកើតឡើង ក្រោយពេលប្រធានាធិបតី Rodrigo Duterte បានព្រមានថា ហ្វីលីពីននឹងកាត់ផ្តាច់ទំនាក់ទំនងយោធាជាមួយសហរដ្ឋអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោន មិនបញ្ជូនវ៉ាក់សាំង ចំនួន២០​លានដូស មកឲ្យហ្វីលីលីពីន នាពេលឆាប់នេះទេ។

ដោយឡែកលោក Jose Manuel Romualdez ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅសហរដ្ឋអាមេរិក បានបញ្ជាក់ថា​ ក្រុមហ៊ុន Moderna នឹងបញ្ជូនវ៉ាក់សាំង​មកឲ្យហ្វីលីពីន ក្នុងពេលដ៏ឆាប់ៗនេះ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនចំនួនពីររបស់អាមេរិក បានសន្យាផ្គត់ផ្គង់វ៉ាក់សាំង ចនន្លោះ​ពី​៤-២៥លានដូស ​មកឲ្យប្រទេសហ្វីលីពីន នាដើមឆ្នាំ​២០២១។

សូមជម្រាបថា កាលពី​ថ្ងៃទី​២៦ ខែធ្នូ​ កន្លងទៅនេះ លោក Duterte ប្រធានាធិបតីហ្វីលីពីន បានព្រមានថា ប្រសិនបើមិនមានវ៉ាក់សាំងកូវីដ-១៩នោះទេ កងទ័ព​អាមេរិក ត្រូវតែចាកចេញពីទឹកដីហ្វីលីពីន​។ ការគំរាមកំហែងរបស់ប្រធានាធិបតី Duterte បានកើតឡើង ក្រោយពេល ​ឥណ្ឌូនេស៊ី និងសិង្ហបុរី ទទួលបានវ៉ាក់សាំងពីអាមេរិក ហើយកត្ដានេះបានជំរុញឲ្យ​ឲ្យប្រជាពលរដ្ឋហ្វីលីពីនដាក់គំនាប កាន់តែខ្លាំងឡើង មកលើរដ្ឋាភិបាល រហូតធ្វើឲ្យលោកប្រធានាធិបតី Duterte គំរាមអាមេរិកវិញ៕