រាជធានីបាងកក៖ ក្រោយពេលមានការផ្ទុះកូវីដ-១៩ជាថ្មី នៅខេត្តខេត្តសមុទ្រសាខន (Samut Sakhon) នោះមក រហូតមកដល់ពេលនេះ លោកចៅហ្វាយខេត្តនេះ បានឆ្លងកូវីដ-១៩ ហើយលោករដ្ឋមន្រ្ដីក្រសួងសុខាភិបាលសាធារណៈថៃ ក៏ត្រូវធ្វើចត្ដាឡីស័កផងដែរ។

បើតាមសារព័ត៌មាន Thaiger  បានចេញផ្សាយ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ថា លោក Veerasak Vijitsaengsri អភិបាលខេត្តសមុទ្រសាខន បានធ្វើតេស្ដ រកឃើញវិជ្ជមាន នៃកូវីដ-១៩។ លោកអភិបាលខេត្ត កាលពីថ្ងៃទី២៧ ខែធ្នូ បានចូលរួមប្រជុំរយៈពេល១ម៉ោងជាមួយនឹងលោកមន្រ្ដីជាច្រើនរួបផ្សេងទៀត រួមមាន លោក Anutin Charnvirakul ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីក្រសួងសុខាភិបាលសាធារណៈថៃ។  រហូតមកដល់ពេលនេះ លោករដ្ឋមន្រ្ដីកំពុងតែធ្វើចត្ដាឡីស័ក នៅក្នុងគេហដ្ឋានរបស់លោក ហើយអ្នកប៉ះពាល់នឹងចៅហ្វាយខេត្តសមុទ្រសាខនជាច្រើនទៀត ក៏នឹងត្រូវធ្វើចត្ដាឡីស័កផងដែរ។

បើតាមលោក Taweeslip Visanuyothin  អ្នកនាំពាក្យ នៃមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ បានថ្លែងថា លោកអភិបាលខេត្តសាមុទ្រសាខន ធ្វើតេស្ដវិជ្ជមាន នៃកូវីដ-១៩ នៅថ្ងៃទី២៨ ខែធ្នូ។ នៅក្នុងខេត្តនេះ មានករណីឆ្លងកូវីដ-១៩ជាង១០០០នាក់ ហើយភាគច្រើន នៃអ្នកឆ្លង មានការពាក់ព័ន្ធនឹងផ្សារលក់គ្រឿងសមុទ្រ នៅតំបន់​ Mahachai ។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ នៅវេលាម៉ោង៣ និង៤៩នាក់រសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ថា ប្រទេសថៃ មានអ្នកឆ្លង ៦ ២៨៥នាក់ ស្លាប់៦០នាក់ និងជាសះស្បើយ ៤ ១៨០នាក់៕