ភ្នំពេញ៖ ករណីបុគ្គល ថន វីរ: ត្រូវបណ្ដេញចេញពីអង្គភាពបញ្ជាការដ្ឋានអង្គរក្ស មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែបានតួនាទីថ្មីជាទីប្រឹក្សាសម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងរីះកាន់យ៉ាងខ្លាំង។

មេធាវីតំណាងដោយអាណត្តិឱ្យបុគ្គល ថន វរ: គឺលោកមេធាវី សៅ សម្បត្តិ បញ្ជាក់ថា កូនក្តីមិនដែលមានជាប់ពាក់ព័ន្ធបទល្មើស ឬបណ្តឹងតុលាការទេ ហើយថា បុគ្គល ថន វរៈ គ្មានពេលមកបំរើការងារទើបដាក់ពាក្យសុំឈប់ពីអង្គភាពបញ្ជាការដ្ឋានអង្គរក្ស ។ តែនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានមានប្រសាសន៍បញ្ជាក់ថា ឈ្មោះ ថន វីរៈ មិនបានដាក់ពាក្យសុំឈប់ទេ គឺ បញ្ជាការដ្ឋានអង្គរក្ស បណ្ដេញគាត់ចេញពីអង្គភាពតែម្ដង ដោយសារជននេះ មិនគោរពវិន័យកងទ័ព មិនគោរពវិន័យអង្គភាព ដើរបង្កបញ្ហាច្រើនជាមួយប្រជាពលរដ្ឋ ហើយលោកធ្លាប់បានហៅមកអប់រំណែនាំ ជាច្រើនលើកច្រើនសា តែមិនស្ដាប់ ទើបលោកបណ្ដេញចេញពីអង្គភាពតែម្ដង ។

ជាមួយគ្នានេះដែរ បើយោងតាមតាមសាលដីកាលេខ៣២ ង ចុះថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០០៩ បង្ហាញថា បុគ្គលថន វីរៈ ធ្លាប់ជាប់ពន្ធនាគារលើកទី១ រយៈពេល១ ឆ្នាំ ពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ( អាវុធរបស់ថន វីរៈ ត្រូវបានឃាតកយកទៅបាញ់សម្លាប់មន្ត្រីបរិស្ថាននៅឧទ្យានជាតិព្រះសីហនុរាម ) និងតាមរយៈដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នលេខ ១០៩ តពដ/១៥ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៥ បង្ហាញថា ថន វីរៈ ពិតជាធ្លាប់ជាប់ពន្ធនាគារលើកទី២ពីបទឈូសឆាយដីព្រៃដោយគ្មានការអនុញ្ញាត ក្នុងដែនឧទ្យានជាតិព្រះសីហនុរាម។

ដោយសារតែ បុគ្គលថន វីរៈ នេះ ធ្លាប់ជាប់ពន្ធនាគារដល់ទៅពីរដង , មានរឿងអាស្រូវច្រើននៅខេត្តព្រះសីហនុ និងអង្គភាពលុបឈ្មោះជួរកងទ័ព ជាដើម… ទើបធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងរីះកាន់យ៉ាងខ្លាំង។ ពាក់ព័ន្ធករណីនេះ យើង ឮមិនអាចទាក់ទងលោក ថន វីរៈ ដែលអង្គភាពបញ្ជាការដ្ឋានអង្គរក្ស ដើម្បីសុំការបំភ្លឺបានទេ៕