កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញ បានសម្រេចជ្រើសរើសយកទីតាំងមណ្ឌលសុខភាពជ្រោយចង្វារធ្វើជាកន្លែងចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ១៩។

យ៉ាងណាមិញ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយនឹងឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីនៃក្រសួងសុខាភិបាល ក៏បានចុះពិនិត្យទីតាំងមន្ទីរពេទ្យបង្អែកនៅក្នុងខណ្ឃដូនពេញ និងមណ្ឌលសុខភាពជ្រោយចចង្វារនេះផងដែរសម្រាប់ការពង្រីកបន្ថែមកន្លែងព្យាបាលដល់អ្នកជំងឺកូវីដ១៩។

បន្ទាប់ពីមានការពិនិត្យរួចរាល់ទៅលើទីតាំងទាំងពីរ ពីឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្រុមការងារក៏បានសម្រេចជាគោលការណ៍ថាជ្រើសរើសយកទីតាំងមណ្ឌលសុខភាពជ្រោយចង្វារ ធ្វើជាកន្លែងសាងសង់អាគារសម្រាប់ធ្វើចត្តាឡីស័ក និងជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ ពីព្រោះថាទីតាំងនេះមានទីធ្លាធំទូលាយ។

យ៉ាងណាមិញបើតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់នៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់អាជ្ញាធរ រាជធានី ខេត្ត និងក្រសួងសុខាភិបាល ដើម្បីជ្រើសរើសរកទីតាំងបន្ថែម ធ្វើជាកន្លែងសម្រាប់ធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ-១៩ ដោយសម្តេចបានបញ្ជាក់ថាព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាមិនទាន់បានបញ្ចប់នៅ ឡើយទេ ពោលគឺអាចអូសបន្លាយរហូតដល់ថ្ងៃទី២៨ មករា ឆ្នាំក្រោយ ។