រាជធានីភ្នំពេញ៖ បុរស៣នាក់​ចេញពីកន្លែងលេងកីឡា​ ជិះម៉ូតូ​មកដល់ផ្ទះ​ ស្រាប់តែមានបុរស ម្នាក់​ស្រែកជេរបញ្ចោរ រួចហើយដកកាំភ្លើងខ្លីមកគំរាម​ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅតាម​ផ្លូវលេខ៦១២ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទូលគោក​។

បើតាមសម្ដីរបស់បុរសរងគ្រោះទាំង​​៣នាក់ខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេទាំង៣នាក់ ទើបនឹងចេញពីលេងកីឡា។ លុះពេលពួកគេវិលត្រឡប់មកដល់ផ្ទះវិញ​ ស្រាប់តែមានបុរសម្នាក់អង្គុយ មកនៅបង់មុខផ្ទះរបស់ពួកគេ ហើយ​ស្រែកជេរបញ្ចោរមកលើពួកខ្លួន ទាំងមិនដឹងមូលហេតុ។ ឮបែបនេះ ពួកគេបានខឹងសម្បាយ៉ាងខ្លាំង ក៏ចុះទៅសួរនាំ ស្រាប់តែបុរសនោះ​បានដកកាំភ្លើងខ្លី ចេញពីចង្កេះ ធ្វើឱ្យពួកគេទាំង៣នាក់​ភ័យខ្លាច ក៏បង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចេញមក​ធ្វើអន្តរាគមន៍។

ដោយឡែកបុរសជាម្ចាស់ផ្ទះ ​បានឱ្យដឹងថា មុនពេលកើតហេតុ គាត់កំពុងតែអង្គុយលេងនៅមុនផ្ទះ។ លុះមកដល់វេលាខាងលើ ស្រាប់តែលេចមុខបុរស៣នាក់នេះ ជិះម៉ូតូ២គ្រឿង កាត់មុខផ្ទះរបស់គាត់ ដោយបង្ក​សំឡេងម៉ូតូខ្លាំងៗពេក ទើបធ្វើឲ្យគាត់អត់ទ្រាំពុំបាន ក៏ស្រែកដាក់បុរសទាំង៣នាក់។ ប៉ុន្ដែស្រាប់តែពួកគេជិះម៉ូតូត្រឡប់ បកក្រោយវិញ ដើរសំដៅមករកគាត់។ ឃើ​ញសភាព​ដូចមិនសូវស្រួល ទើបគាត់ដកកាំភ្លើងខ្លី ចេញពីចង្កេះ ដើម្បីការពារខ្លួន ក៏បង្កឱ្យកើតមានការឈ្លោះប្រកែកគ្នាយកត្រូវរៀងៗខ្លួន រហូតភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មាន ចុះមកឡាយផ្ទាល់ ហើយសមត្ថកិច្ចក៏បានចុះមកធ្វើអន្តរាគមន៍។

ក្រោយពេលកើតហេតុ នគរបាលមូលដ្ឋានបាននាំភាគីទាំងសងខាង ទៅកាន់​ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់២ ដើម្បី​សម្របសម្រួលគ្នា។ ប៉ុន្ដែក្រោយមានការសម្របសម្រួលគ្នាបានមួយសន្ទុះ ទើបភាគីម្ចាស់ផ្ទះសុខចិត្ត​បង់ជំងឺចិត្ត ចំនួន៥០០ដុល្លារទៅឱ្យបុរសទាំង៣នាក់នោះដើម្បីបញ្ចប់រឿង​៕