ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងការិយាល័យផ្សព្វផ្សាយអប់រំ(ក៩) ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះប្រតិបតិ្ត ការបង្រ្កាបករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ ក្នុងភូមិសាស្រ្តភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៣នាក់ ព្រមទាំងដកហូតថ្នាំញៀនមួយចំនួនធំផងដែរ។

លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យ ទី១-ឈ្មោះ ទី យៀង ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ,ទី២-ឈ្មោះ ហុង ម៉េង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ និងទី៣-ឈ្មោះ សេង ដាលីសិទ្ធ ហៅចិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ។ ជនសង្ស័យទាំង០៣នាក់មានទីលំនៅភូមិ បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកស្នងការបន្តថា ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចនគរបាល បានធ្វើការបង្ក្រាប ០២ទីតាំងដោយឡែកពីគ្នា គឺទីតាំងទី០១បង្ក្រាបនៅចំណុចផ្ទះជួលរបស់ឈ្មោះ ទី យៀង ភេទស្រី អាយុ៤៣ឆ្នាំ និងទីតាំងទី០២ ចំណុចបន្ទប់ជួលរបស់ឈ្មោះ សេង ដាលីសិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ ដោយក្នុងនោះដកហូតបានវត្ថុតាងសង្ស័យថ្នាំញៀននៅ វ៉ាលិសចំនួន០៣វ៉ាលិស។

លោកស្នងការ បញ្ជាក់ថា ៖ថ្នាំញៀនដែលមាននៅក្នុងវ៉ាលិសទាំង០៣ មានថ្នាំម្សៅក្រាមពណ៌សថ្លាមានចំនួនសរុប ៦.៦០គ.ក្រ,ថ្នាំញៀនប្រភេទមេតំហ្វតាមីនគ្រាប់ពណ៌ក្រហម មានអក្សរ WY ចំនួន សរុប៧៣៨.០៤ក្រាម,ថ្នាំអ៊ិចស្តាស៊ី(ថ្នាំគ្រវី)សរុប ៦២៥ក្រាម,ម្សៅហ្មត់ពណ៌ថ្លាខេតាមីនអាយស៍ សរុប៦.០២ គ.ក្រាម,ខេតាមីនទឹកចំនួន៤២ដបនិងកាំភ្លើងខ្លីម៉ាកស៊ិចសៅអឺ ០១ដើម គា្រប់ចំនួន០៦គ្រាប់ បង់ចំនួន០២ ។ ជនសង្ស័យនិងវត្ថុតាងថ្នាំញៀន ត្រូវបានប្រគល់ជូន កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕