រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា មិនរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ មានតែអ្នកជាសះស្បើយពីជំងឺនេះចំនួន ៥នាក់។

អ្នកជាសះស្បើយទាំង៥នាក់នោះរួមមាន៖ ទី១-ស្ត្រីជនជាតិខ្មែរអាយុ ៦៤ឆ្នាំ ស្នាក់នៅសង្កាត់ទូលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាម្តាយរបស់ស្ត្រីអាយុ៣៦ឆ្នាំ ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។ ទី២ និងទី៣-ស្ត្រីជនជាតិខ្មែរ អាយុ២៥ឆ្នាំ និងទារក អាយុ០៧ខែ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាប្អូនស្រីរបស់អ្នកបើកបរ ឲ្យអគ្គនាយកពន្ធនាគារ។ ទី៤-* បុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ជាបុគ្គលិកធនាគារចិន (ផ្លូវមុនីវង្ស) ។

សូមកត់សម្គាល់ថា បុគ្គលទាំំង៤នាក់ខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន ចំនួន២ដង និងត្រូវបានអនុញ្ញាឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ។ និងទី៥- បុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ ស្នាក់នៅម្តុំស្តុប NOKIA ខណ្ឌសែនសុខ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ត្រូវបានព្យាបាលជាសះស្បើយ ទទួលបានលទ្ធផលអវិជ្ជមាន២ដង និងត្រូវបានអនុញ្ញតឲ្យចេញ ពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែធ្នូនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៦២នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣២៤នាក់ និង៣៨នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕