ភ្នំពេញ៖ ជនសង្ស័យ២នាក់ ក្រោយពីធ្វើសកម្មភាពកាច់សោកម៉ូតូ ម្ចាស់ចេញមកទាន់ ដេញតាមរហូតធ្លាក់បឹងឈូក ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខ ជួយអន្តរាគមន៍ចាប់ខ្លួនបានទាំង២នាក់កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ ស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យ២នាក់៖ ១-ឈ្មោះ ឌួង សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ២-ឈ្មោះ ចាន់ វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ចំណែកជនរងគ្រោះ ឈ្មោះ ស៊ុយ សុធីតា ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួល កន្លែងកើតហេតុខាងលើ ។

មុនពេលកើតហេតុ នារីជាម្ចាស់បានទុកម៉ូតូ ZOOER ពណ៌ក្រហម ពាក់ផ្លាកលេខ ក្រចេះ 1D-6430 នៅមុខផ្ទះជួល ដោយបានចាក់សោកត្រឹមត្រូវ ហើយកំពុងរៀបចំខ្លួនទៅសាលា។ ចៃដន្យក្រឡេកមើលទៅមុខផ្ទះជួល ឃើញជនសង្ស័យ២នាក់ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GY-9181 កំពុងធ្វើសកម្មភាពកាច់សោកម៉ូតូរបស់នាង នាងក៏ស្រែកឆោឡោ ផ្អើលប្រជាពលរដ្ឋនៅជិតខាង ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ ផ្តួលម៉ូតូចោល រត់គេចចុះទឹកស្រះឈូក។ ស្របពេលនោះកម្លាំងល្បាតរបស់នគរបាលខណ្ឌសែនសុខ ទៅដល់ ជួយអន្តរាគមន៍ដេញតាមចាប់ខ្លួនបានទាំង២នាក់ភ្លាមៗ និងដកហូតបានម៉ូតូ១គ្រឿងរបស់ជនសង្ស័យជិះធ្វើសកម្មភាព ។ ជនសង្ស័យទាំង២នាក់ ផ្នែកជំនាញខណ្ឌ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕