ខេត្តព្រះសីហនុ៖ ភ្លៀងកក់ខែ កាលពីយប់ ថ្ងៃទី១៥ ខែធ្នូ បានបង្អុរចុះមកមួយ ធ្វើទឹកហូរនាំទៅជាមួយនឹងសំរាមចាក់ចូលទៅក្នុងប្រព័ន្ធទឹក គរឡើងដូចភ្នំ នៅក្នុងទីក្រុងព្រះសីហនុ។

បញ្ហាសំរាមនេះ នៅតែជាបញ្ហាចោទមួយយ៉ាងខ្លាំង មិនថា នៅក្នុងទីរួមខេត្តព្រះសីហនុ និងរាជធានីភ្នំពេញនេះ បើនិយាយរួម គឺមានពាសពេញតំបន់ទីប្រជុំជន។ ករណីនេះ ក៏បណ្ដាលមកពីបងប្អូនយើងខ្វះការយល់ដឹងអំពីការរក្សាអនាម័យ និងគុណតម្លៃ នៃបរិស្ថាន ទើបពួកគាត់បោះសំរាមចោលពាលវាលពាសកាល ដោយខ្វះការគ្រប់គ្រងសំរាមឲ្យបានល្អ។

បើតាមទំព័របណ្ដាញសង្គមផ្លូវការរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសរសេរ នៅថ្ងៃទី១៦ ខែធ្នូ ថា ភ្លៀង​មួយមេយប់មិញ​ សំរាមចូលពេញ​អូស្ដេចមឹក​ ផ្លូវ​៣០១​ កុំអីចូលពេញសមុទ្រទៀត។ ស្រុកយើង​សំបូរណាស់សំរាម​ មិនថាក្នុងទឹក​ ឬលើគោកនោះទេ​។ អនាម័យ​ នាំមកនូវសុខភាពល្អ​។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ បញ្ហាសំរាម​នៅ​តែ​ជា​ប្រធានបទ ​នៃ​ការ​ជជែក​គ្នា​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ ទាំង​អ្នក​រស់​នៅ​ក្នុង​រាជ​ធានី និងនៅទីប្រជុំជននានា ទូទាំងប្រទេស។ គេមានការ​រអ៊ូ​រទាំ ​អំពី​ភាព​យឺត​យ៉ាវ ​នៃ​ការ​ប្រមូល​សំរាម​ផង និង​ការ​បង្ហាញ​អារម្មណ៍​ អំពី​ភាព​ខ្វះ​អនាម័យ ​នៅ​តាម​ដង​ផ្លូវ ទើបធ្វើឲ្យដងផ្លូវនានា ​សម្បូរ​ទៅ​ដោយ​សំរាម។ ជួនពេលខ្លះ សំរាម​មានការ​រាយ​ប៉ាយ​ នៅ​តាម​ដងផ្លូវ ដោយ​សារ​តែ​ពលរដ្ឋ​មួយ​ចំនួន ​មិន​បាន​ចូល​រួម​សម្អាត ហើយ​ខ្វះខាត​ការ​យល់​ដឹងអំពីគុណតម្លៃ នៃ​បរិស្ថាន។

ដោយឡែក នៅ​រាជធានី​ភ្នំពេញ សំរាម​បាន​កើន​ឡើង​ ពី​រង្វង់​២ ៦០០​តោន ​ក្នុង​មួយ​ថ្ងៃ​ នៅ​ឆ្នាំ​២០១៨ រហូតដល់​រង្វង់​២​៩០០​តោន ក្នុង​មួយ​ថ្ងៃ​ នៅ​ក្នុង​ឆ្នាំ​២០១៩​កន្លង​ទៅ​។ សាលា​រាជធានី​ភ្នំពេញ​ ធ្លាប់​បញ្ជាក់​ថា ទីលាន​ចាក់​សំរាម​ ​មាន​ទំហំ​ជាង​៣០​ហិកតា​ នៅ​បឹង​ជើង​ឯក ​ក្នុង​ខណ្ឌ​ដង្កោ នឹង​ត្រូវ​ពេញ​ហៀរ មិន​អាច​ទទួល​យក​សំរាម​បាន​ទៀត​ឡើយ​ នៅ​ឆ្នាំ​២០២១​។ នេះ​គឺ​ជា​បញ្ហា​ប្រឈម​ដែល​ទាមទារ​ឲ្យ​​មាន​​ដំណោះ​ស្រាយ​ជា​បន្ទាន់​។

បញ្ហាសំរាម ​គឺ​ជា​បញ្ហា​រួម​របស់​យើង​រាល់​គ្នា ហើយ​វា​មិន​មែន​ជា​បញ្ហា​ដាច់​ដោយ​ឡែក​របស់​អាជ្ញា​ធរ​តែ​ឯង​ឡើយ​។ ការ​រួម​ចំណែក​ដោះ​ស្រាយ​បញ្ហា​សំរាម វា​ទាម​ទារ​ឲ្យ​មាន​ការ​ចូល​រួមពី​ប្រជាពលរដ្ឋ​ផង​ដែរ​ ព្រោះ​សំរាម​កើត​ចេញ​ពី​ការ​រស់​នៅ​របស់​ពល​រដ្ឋ។ ដូច្នេះ ការ​ទុក​ដាក់​សំរាមឲ្យ​ត្រឹម​ត្រូវ​តាម​ប្រភេទ និង​​មាន​របៀប​រៀប​រយ ​គឺ​ជា​រឿង​ចាំ​បាច់​បំផុត ដែល​ត្រូវ​ផ្តើម​ដំបូង ​ចេញ​ពីប្រជាពលរដ្ឋ​តែ​ម្ដង​៕