រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាស ​នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០​ថា អ្នកធ្លាប់ចូលទៅអង្គុយហូបកាហ្វេ នៅក្នុងហាងកាហ្វេ Hidden coffee  មានទីតាំងហាងលេខ១២៥ ផ្លូវលេខ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ សូមអញ្ជើញទៅធ្វើតេស្ដ នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា កាលពីវេលាម៉ោង១៥ និង៣០នាទី ​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២០កន្លងមកនេះ មានបុរសម្នាក់​ជាអ្នកជំងឺកូវីដ-១៩ ហើយគាត់បានទីអង្គុយហូបកាហេ្វ នៅក្នុងហាង Hidden Coffee មានទីតាំងខាងលើ។ ដូច្នេះក្រសួងសូមអញ្ជើញធ្វើតេស្ត នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ រៀងរាល់ម៉ោងធ្វើការ ហើយសូមលោកអ្នក ធ្វើចត្តាឡីស័ក នៅតាមផ្ទះឲ្យគ្រប់ចំនួន១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្រៅពីនេះ ក៏​ត្រូវតាមដានសុខភាពផ្ទាល់ខ្លួន ឲ្យបានហ្មត់ចត់ជាទីបំផុត។

បើគិតមកដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ប្រទេសកម្ពុជារកឃើញ មានអ្នកឆ្លងកូវីដ-១៩ សរុប​៣៦២នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកត្រូវ​ព្យាបាលជាសះស្បើយ ចំនួន ៣១៩នាក់។ ដោយឡែកអ្នកជំងឺចំនួន៤៣នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរបស់រដ្ឋ៕