ខេត្តកណ្តាល៖ ក្មេងស្រី២នាក់ បានលង់ទឹកប្រឡាយព្រែកធំ គ្មានអ្នកប្រទះឃើញជួយសង្គ្រោះទាន់ពេលវេលា បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម នៅចំណុចប្រឡាយព្រែកធំខាងក្រោយផ្ទះ ស្ថិតនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៩ និង៤០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។

ក្មេងស្រីរងគ្រោះ‌ ទី១-ឈ្មោះ សុខឃី ធីតា អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស និងទី២-ឈ្មោះ ភី សុខលាង អាយុ៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ។ កុមារីទាំងពីរ រស់នៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

តាមការបំភ្លឺរបស់ឪពុក ម្តាយ ជនរងគ្រោះទាំងពីរបានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីទាំងពីរនាក់បានបបួលគ្នាទៅរាវខ្យងនៅប្រឡាយធំខាងក្រោយផ្ទះ លុះដល់ម៉ោង១៩និង៣០នាទី ដោយមិនឃើញកុមារីទាំងពីរនាក់ត្រឡប់មកផ្ទះវិញ ក៏មានការសង្ស័យនាំគ្នាដើររក និងចុះទៅរាវរកនៅក្នុងទឹកប្រឡាយ ក៏បានប្រទះឃើញសាកសពកុមារី (ជនរងគ្រោះ)ទាំងពីរបានលង់ទឹកស្លាប់បាត់ទៅហើយ បន្ទាប់មក ខ្លួនបានយកសាកសពកុមាររងគ្រោះត្រឡប់មកផ្ទះ និងរាយការណ៍ប្រាប់សមត្ថកិច្ច។

សមត្ថកិច្ច បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីខាងលើភ្លាម សមត្ថកិច្ចផ្នែកពិនិត្យវិភាគកន្លែងកើតហេតុស្រុកស្អាង សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលខ្ពប គ្រូពេទ្យមណ្ឌលសុខភាព ក្រុមប្រឹក្សាឃុំ លោកមេភូមិ និងក្រុមគ្រួសារសពបានធ្វើការពិនិត្យលើជនរងគ្រោះឃើញថា ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ផ្សេងទៀតទេ។
តាមការសន្និដ្ឋានពីលោកគ្រូពេទ្យ និងកម្លាំងជំនាញ ក្មេងស្រីរងគ្រោះទាំង២នាក់ស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ បន្ទាប់មក បានធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសាររបស់ជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន ទាំងក្តីសោកសង្វេគជាពន់ពេក៕