ខេត្តព្រៃវែង៖ ក្រុមគ្រួសារសពជនរងគ្រោះមិនទាន់បានធ្វើបុណ្យគម្រប់១០០ថ្ងៃឱ្យជនរងគ្រោះផង ស្រាប់តែចៅក្រមស៊ើបសួរសាលាដំបូងខេត្ត បានសម្រេចដោះលែងជនត្រូវចោទជាឃាតករទាំងពីរនាក់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ។ អ្នកនាំពាក្យសាលាដំបូងខេត្តព្រៃវែង ថា ការដោះលែងជនសង្ស័យទាំង២នាក់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ននេះ ដោយសារជនត្រូវចោទម្នាក់ត្រូវទៅប្រឡងបាក់ឌុប និងម្នាក់ទៀតមានការធានាពីក្រុមគ្រួសារ ។

ជនសង្ស័យជាឃាតករទាំង២នាក់នោះរួមមាន ៖ ទី១-ឈ្មោះពៅ វិសាល ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិឈើត្រែង ឃុំរក្សជ័យ ស្រុកបាភ្នំ ។ ទី២-ឈ្មោះ ចេង សុភ័ណ្ឌនរ: ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិត្រើយ ង ឃុំរក្សជ័យ ស្រុកបាភ្នំ ។

លោកអូន យឿន និងភរិយាឈ្មោះ ឈួន សាមៃ ដែលត្រូវជាឪពុកម្ដាយសពជនរងគ្រោះ ឈ្មោះ យាន សំណាង មានទីលំនៅនៅភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ បានរៀបរាប់ថា៖ កូនប្រុសរបស់គាត់ ត្រូវបានគេព្រួតវាយសម្លាប់ដូចជាសត្វធាតុនៅលើចិញ្ចើមផ្លូវ ។ ជនដៃដល់ទាំងពីរនាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន និងបញ្ជូនទៅតុលាការខេត្តព្រៃវែង ដើម្បីធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។ ទីបំផុត ក្រុមគ្រួសារគាត់មិនទាន់បានធ្វើបុណ្យគម្រប់១០០ថ្ងៃឱ្យកូនផង ស្រាប់តែលោកស្រី ទែនសុនីតា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង សម្រេចដាក់ឲ្យស្ថិតក្នុងការពិនិត្យតាមផ្លូវតុលាការ (ក្រៅឃុំបណ្ដោះអាសន្ន) ក្នុងបទ“ហិង្សាមានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ”ទៅវិញ។

ជុំវិញករណីនេះ លោកស្រី អាត សាខន អ្នកនាំពាក្យសាលាដំបូងខេត្តព្រៃវែង លោកស្រី អាត សាខន បានឆ្លើយបំភ្លឺតាមប្រព័ន្ធ Telegram ក្នុងគ្រុបអ្នកនាំពាក្យយ៉ាងដូច្នេះថា៖” ក្នុងនាមនាងខ្ញុំជាអ្នកនាំពាក្យរបស់សាលាដំបូងខេត្តព្រៃវែង សូមបញ្ជាក់ចំពោះរឿងដែលលោកស្រី ទែន សុនីតា ដោះលែងជនសង្ស័យទាំង ២នាក់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ននេះ ដោយសារជនត្រូវចោទម្នាក់ ទៅប្រឡងបាក់ឌុបនៅខែធ្នូ និងម្នាក់ទៀតមានការធានាពីក្រុមគ្រួសារ ហើយមានការដាក់ប្រាក់តម្កល់ធានាឲ្យនៅក្រៅឃុំទៀតផង ហេតុនេះទើបលោកស្រី ទែន សុនីតា ចៅក្រមស៊ើបសួរ ដាក់ជនត្រូវចោទទាំងពីរនាក់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ហើយចំពោះការដោះលែងនៅក្រៅឃុំនេះ មិនមានន័យថា ជាការបញ្ចប់រឿង ឱ្យជនបង្កឲ្យរួចខ្លួននោះទេ សូមកុំឲ្យមានការយល់ច្រឡំ។

មហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះឃើញតុលាការដោះលែងជនសង្ស័យទាំង ២នាក់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ននេះ ដោយលើកហេតុផលថា ជនត្រូវចោទម្នាក់ ទៅប្រឡងបាក់ឌុប (sic) និងម្នាក់ទៀតមានការធានាពីក្រុមគ្រួសារ ហើយមានការដាក់ប្រាក់តម្កល់ធានាឲ្យនៅក្រៅឃុំទៀតផង ។ មហាជនមានការងឿងឆ្ងល់ថា តើមានច្បាប់មកពីណាដែលចែងថា បើជនណាជាសិស្ស ឬនិស្សិត សម្លាប់មនុស្ស ហើយសមត្ថកិច្ចចាប់បានបញ្ជូនទៅតុលាការ នៅពេលណាជនណាជាសិស្ស ឬនិស្សិត សម្លាប់មនុស្សនោះ ត្រូវប្រឡងបាក់ឌុប ឬត្រូវប្រឡងយកសញ្ញាបត្រផ្សេងៗទៀត តុលាការត្រូវតែដោះលែងជនសង្ស័យជាឃាតករនោះឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដើម្បីបានទៅប្រឡងបាក់ឌុប ឬត្រូវប្រឡងយកសញ្ញាបត្រផ្សេងៗទៀតនោះ។ តែបើនិយាយពីការប្រឡងបាក់ឌុបឆ្នាំនេះ សម្ដេចតេជោ ហ៊ុន សែន ប្រកាសឱ្យសិស្សថ្នាក់ទី១២ ជាប់ជាស្វ័ប្រវត្តិទាំងអស់គ្នា ដោយមិនបាច់ប្រឡង។

ចំណែកជនសង្ស័យម្នាក់ទៀតដែលថា មានការធានាពីក្រុមគ្រួសារ ហើយមានការដាក់ប្រាក់តម្កល់ធានាឲ្យនៅក្រៅឃុំនោះ មហាជនមានការងឿងឆ្ងល់ដែរថា បើឱ្យតែមានការដាក់ប្រាក់តម្កល់ធានាឲ្យនៅក្រៅឃុំបាន ប្រាកដជាពួកអ្នកមានគ្មានអ្វីដែលត្រូវភ័យខ្លាចរឿងសម្លាប់មនុស្សទេ ព្រោះគ្រាន់តែដាក់ប្រាក់តម្កល់ធានាទៅ អាចនៅក្រៅឃុំបានហើយ។

សូមបញ្ជាក់ថា បើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរលេខ ២៨៣/២០២ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២០ និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង បញ្ជាក់ថា ជនត្រូវចោទមានពីរនាក់ រីឯបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ បន្ទាប់ពីពួកគេធ្វើសកម្មភាពវាយប្រហារជនរងគ្រោះបណ្ដាលឲ្យស្លាប់។ ក្រុមគ្រួសារសពជនរងគ្រោះ លើកដៃសំពះពីចម្ងាយទៅក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្ដេចតេជោហ៊ុនសែន សូមមេត្តាជួយអន្តរាគមន៍ និងការពាររឿងក្តីនេះតាមផ្លូវច្បាប់ ដល់រូបគាត់ជាជនរងគ្រោះក្នុងអំពើដ៏អយុត្តិធម៌នេះផង៕