ខេត្តព្រៃវែង៖ ក្រោយពេលឃាត់ខ្លួនជនសង័្សយចំនួន២នាក់ ពាក់ព័ន្ធនឹងករណីឃាតកម្ម មិនបានប៉ុន្មានផង តែរហូតមកដល់ពេលនេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រៃវែង បានសម្រេចដោះលែង ជនត្រូវចោទជាឃាតកទាំងពីរនាក់ ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ទាំងក្រុមគ្រួសារ មិនទាន់ទាំង​បានធ្វើបុណ្យសពគម្រប់១០០ថ្ងៃផង។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅ​ខេត្តព្រៃវែង បានឲ្យដឹង កាលពីរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ថា  កាលពីពេលកន្លងទៅនេះ សមត្ថកិច្ចជំនាញបានសហការ​ឃាត់ខ្លួនជនសង័្សយ ពាក់ព័ន្ធនឹងករណីឃាតកម្មចំនួន២នាក់ រួមមាន៖ ទី១-ឈ្មោះពៅ វិសាល ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅ​ភូមិឈើត្រែង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង និងទី២-ឈ្មោះ ចេង សុភ័ណ្ឌនរ: ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិត្រើយ ង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ប្រភពព័ត៌មានដដែល បានបន្ដថា ក្រោយពេលឃាត់ខ្លួនរួចមក ​សមត្ថកិច្ច​បានកសាងសំណុំរឿង បញ្ជូនជនសង័្សយទាំង២នាក់ខាងលើទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ ប៉ុន្តែអ្វីដែលធ្វើឲ្យឪពុកម្ដាយសពជនរងគ្រោះឈឺចុកចាប់កាន់តែខ្លាំងនោះ ត្រង់ថា គាត់មិនទាន់ទាំង​បានធ្វើបុណ្យសពកូនគម្រប់១០០ថ្ងៃផង បែរជាលោកស្រី ទែន សុនីតា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រៃវែង បានសម្រេចដាក់ឲ្យស្ថិតក្នុងការពិនិត្យ តាមផ្លូវតុលាការ (ក្រៅឃុំបណ្ដោះអាសន្ន) ក្នុងបទ «ហិង្សាមានទម្ងន់ទោស ដោយសារមរណភាព នៃជនរងគ្រោះ»។

​​ដោយឡែក លោក អូន យឿន និងភរិយា ឈ្មោះ ឈួន សាមៃ ដែលត្រូវជាឪពុកម្ដាយរបស់សពជនរងគ្រោះ ឈ្មោះ យាន សំណាង មានទីលំនៅ​ក្នុងភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង បានរៀបរាប់​​ថា កូនប្រុសរបស់គាត់ ត្រូវបានគេព្រួតគ្នាវាយ សម្លាប់ ដូចជា សត្វធាតុនៅលើចិញ្ចើមផ្លូវ។ ប៉ុន្ដែក្រោយពេល ជនដៃដល់ទាំងពីរនាក់ ដែលត្រូវសមត្ថកិច្ច​ឃាត់ខ្លួន បញ្ជូនទៅកាន់តុលាការ ដើម្បី​ផ្ដន្ទាទោស​តាមផ្លូវច្បាប់ បែរលោកស្រីចៅក្រមស៊ើបសួរ នៃសាលាដំបូង សម្រេចដោះលែង ជនត្រូវចោទជាឃាតកទាំងពីរនាក់នោះ ឲ្យនៅក្រៅឃុំទៅវិញ។ នេះជារឿងអយុត្ដិធម៌បំផុត សម្រាប់កូនប្រុសរបស់គាត់។

បើតាមសារព័ត៌មាននគរវត្ដ បានផ្សាយថា ជុំវិញការដោះលែងជនត្រូវចោទជាឃាតកទាំងពីរខាងលើ អ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តព្រៃវែង លោកស្រី អាត សាខន បានឆ្លើយបំភ្លឺតាមប្រព័ន្ធ Telegram ក្នុងគ្រុបអ្នកនាំពាក្យយ៉ាងដូច្នេះថា «ក្នុងនាមនាងខ្ញុំជាអ្នកនាំពាក្យរបស់សាលាដំបូងខេត្តព្រៃវែង សូមបញ្ជាក់ចំពោះរឿង ដែលលោកស្រី ទែន សុនីតា សម្រេចដោះលែងជនសង្ស័យទាំង២នាក់ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ននេះ ក៏ដោយសារជនត្រូវចោទម្នាក់ ទៅប្រឡងបាក់ឌុប នៅខែធ្នូ និងម្នាក់ទៀតមានការធានាពីក្រុមគ្រួសារ ហើយមាន​ប្រាក់តម្កល់ធានាឲ្យ នៅក្រៅឃុំទៀតផង ហេតុនេះ ទើបលោកស្រី ទែន សុនីតា ចៅក្រមស៊ើបសួរ ដាក់ជនត្រូវចោទទាំងពីរនាក់ ក្រោមការត្រួតពិនិត្យដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ ​ចំពោះការដោះលែងឲ្យនៅក្រៅឃុំនេះ មិនមានន័យថា ជាការបញ្ចប់រឿងរបស់ជនបង្កឲ្យរួចខ្លួននោះទេ សូមកុំឲ្យមានការយល់ច្រឡំ។

សូមបញ្ជាក់ថា បើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ លេខ ២៨៣/២០២ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ និង ដីការបស់អយ្យការអមសាលាដំបូងខេត្តព្រៃវែង បញ្ជាក់ថាជនត្រូវចោទមានពីរនាក់ និងបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ បានធ្វើសកម្មភាពវាយប្រហារជនរងគ្រោះបណ្ដាលឲ្យស្លាប់។

ការដោះលែងជនត្រូវចោទជាឃាតក ព្រួតគ្នាសម្លាប់ជនរងគ្រោះបែបនេះ គឺជាអំពើដ៏អយុត្តិធម៌បំផុត មកលើឪពុកម្ដាយ និង​ជនរងគ្រោះ ដែលគាត់មិនទាន់នឹងបានធ្វើបុណ្យគម្រប់១០០ ថ្ងៃឱ្យសពកូនផងនោះ។ បញ្ហានេះ គួរណាស់តែ ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ក៏ដូចជាក្រសួងយុត្តិធម៌ បើកការស៊ើបអង្កេត ជុំវិញការដោះលែងនេះ អាចស្របទៅតាមទំហំ នៃអំពើដែលជនត្រូវចោទ ប្រព្រឹត្តក្នុងបទឧក្រិដ្ឋ ព្រួតគ្នាសម្លាប់មនុស្ស ហើយក៏មិនត្រូវយកហេតុផល រឿងប្រលងបាក់ឌុប និងការដាក់ប្រាក់តម្កល់ធានា បទល្មើសឧក្រិដ្ឋបែបនេះបានឡើយ។

ការដោះលែងជនត្រូវចោទជាឃាតក បង្ហាញឲ្យឃើញពី បង្កើតអោយមាននិទណ្ឌភាព នៃបទល្មើសក្នុងសង្គម កាន់តែច្រើន ហើយចៅក្រមស៊ើបសួរសាលាដំបូងធ្វើបែបនេះ កំពុងតែដើរផ្ទុយ ការកែទម្រង់ប្រព័ន្ធតុលាការ  របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការលើកឡើងរបស់លោក កើត រឹទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

ក្រុមគ្រួសារសពជនរងគ្រោះ សង្ឃឹមថា ក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្ដេចតេជោហ៊ុនសែន និងជួយអស់ពីកម្លាំងកាយចិត្ត តាមផ្លូវច្បាប់ ការពាររឿងក្តីនេះ ដល់រូបគាត់ ជាជនរងគ្រោះក្នុងអំពើដ៏អយុត្តិធម៌នេះផង។

ទោះជាយ៉ាងណាពាក់ព័ន្ធនឹងករណីខាងលើនេះ សារព័ត៌មានយើងខ្ញុំ មិនអាចសុំការបំភ្លឺពីលោកស្រី ទែន សុនីតា ចៅក្រមស៊ើបសួរ នៃសាលាដំបូង​ខេត្តព្រៃវែង បានទេ នៅថ្ងៃទី១៦ ខែធ្នូនេះ។ យើងខ្ញុំនឹងរង់ចាំការបកស្រាយពីលោកស្រី ហើយនឹងផ្សាយបន្ដទៀត៕