រាជធានីភ្នំពេញ៖ ក្រោយពីលោក ផែង វណ្ណៈ បានផ្សាយព័ត៌មានអំពីប្រវត្តិអាស្រូវជាច្រើនរបស់លោកថន វីរៈ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ លោក ថន វីរៈ បានធ្វើលិខិតបដិសេធមួយតាមរយៈមេធាវី ដោយបានបដិសេធដាច់អហង្ការថា លោកមិនធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ ដូចការផ្សាយរបស់លោកផែង វណ្ណៈ ទេ ។

ជុំវិញនឹងលិខិតបដិសេធរបស់លោកថន វីរៈ តាមរយៈមេធាវីនោះ លោកផែង វណ្ណៈ បានបង្ហាញនូវភស្តុតាងសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងទង្វើរបស់ ថន វីរៈ ដោយបញ្ជាក់ថា លោកថន វីរៈ ពិតជាធ្លាប់ជាប់ពន្ធនាគារមែន។

តាមរយៈសាលដីកាលេខ ៣២ ង ចុះថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០០៩ បង្ហាញថា ថន វីរៈ ធ្លាប់ជាប់ពន្ធនាគារលើកទី១ រយៈពេល១ឆ្នាំ ពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ( អាវុធរបស់ ថន វីរៈ ត្រូវបានឃាតករយកទៅបាញ់សម្លាប់មន្ត្រីបរិស្ថាននៅឧទ្យានជាតិព្រះសីហនុរាម ) និងតាមរយៈដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នលេខ ១០៩ តពដ/១៥ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៥ បង្ហាញថា ថន វីរៈ ពិតជាធ្លាប់ជាប់ពន្ធនាគារលើកទី២ ពីបទឈូសឆាយដីព្រៃដោយគ្មានការអនុញ្ញាតក្នុងដែនឧទ្យានជាតិព្រះសីហនុរាម ។

ចំពោះការបកស្រាយថា លោក បានដាក់ពាក្យសុំលាឈប់ពីការងារនៅបញ្ជាការដ្ឋានអង្គរក្ស ដោយលេីកហេតុផលថាគ្មានពេលគ្រប់គ្រាន់នោះ មិនពិតទេ ព្រោះនៅព្រលប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២០ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានបំភ្លឺប្រាប់លោកផែង វណ្ណៈ ថា ឈ្មោះថន វីរៈ មិនបានដាក់ពាក្យសុំលាឈប់ទេ គឺ ឯកឧត្តមជាអ្នកបណ្ដេញឈ្មោះ ថន វីរៈ នេះចេញពី បញ្ជាការដ្ឋានអង្គរក្ស ព្រោះតែ ថន វីរៈ នេះ មិនគោរពវិន័យកងទ័ព ហេីយអប់រំណែនាំមិនស្ដាប់ ថែមទាំងដេីរបោកប្រាស់ប្រជាពលរដ្ឋពាក់ព័ន្ធរឿងលក់ដីនៅខេត្តព្រះសីហនុជាច្រើនករណី ។

ក្រៅពីមានរឿងអាស្រូវខាងលើ ថន វីរៈ កំពុងជាប់បណ្ដឹងប្រជាពលរដ្ឋជាច្រើនករណីនៅខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីឆបោក និង យកដីប្រជាពលរដ្ឋ ក្នុងនោះសូម្បីតែក្មួយប្រុសបង្កើតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺកូនលោកជំទាវ ហ៊ុន សេងនី ក៏បានកំពុងប្ដឹងឈ្មោះ ថន វីរៈ ពីបទប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត ប្រព្រឹត្តទៅនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែរ ។

ជុំវិញនឹងករណីខាងលើនេះ «KBN» មិនអាចសុំការបកស្រាយបញ្ជាក់ពីលោក ថន វីរៈ បាននៅឡើយទេ តែយ៉ាងណា យើងរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕ (Pheng Vannak News)