ខេត្តសៀមរាប៖ កុដិព្រះសង្ឃ១ខ្នង នៅវត្តគគី ស្ថិតនៅភូមិស្រិតខាងកើត ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ត្រូវអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២១ និង១៤នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ។

លោក ឌុត ខុន ស្នងការរងទទួលការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យដឹងថា ករណីឆ្លងចរន្តអគ្គិសនី គឺផ្តើមចេញពីព្រះវិហារ បណ្តាលឲ្យឆាបឆេះកុដិចំនួន ០១ខ្នង មានទំហំ៦ម៉ែត្រ គុណនឹង៩ម៉ែត្រ កម្ពស់៥ម៉ែត្រ ដំបូលប្រក់ស៊ីបប្រូ ជញ្ជាំងក្ដារ និងឆេះសម្ភារប្រើប្រាស់មួយចំនួននៅក្នុងកុដិ តែមិនបណ្ដាលឲ្យឆ្លងទៅកុដិផ្សេងទៀតទេ ដោយសារកម្លាំងសមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋជួយអន្តរាគមន៍ពន្លត់ទាន់ពេលវេលា។

លោកស្នងការរង បញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងអស់ចំនួន០១គ្រឿង ទើបភ្លើងនេះរលត់ទាំងស្រុងនៅវេលាម៉ោង២១ និង៣០នាទី ថ្ងៃខែឆ្នាំដដែល និងមិនបណ្តាលឲ្យមនុស្សណាម្នាក់ មានគ្រោះថ្នាក់ ឬរងរបួសទេ ៕