ខេត្តកែប ៖ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ បានធ្វើការស្រាវជ្រាវរហូតដល់មានការឃាត់ខ្លួនបុរសម្នាក់ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ ដោយមានការសហការជាមួយនគរបាលខេត្តកែប ដែលបង្កើតហ្វេសប៊ុកក្លែងក្លាយជេរថ្នាក់ដឹកនាំ ។

ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ងិន ស៊ុយទ្រី ភេទប្រុស អាយុ២៥ឆ្នាំ ធ្វើឡើងនៅចំណុចភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលជាកន្លែងរស់នៅរបស់ជនសង្ស័យតែម្តង។

សូមបញ្ជាក់ផងដែរថា យុវជនរូបនេះមានចេតនាទុច្ចរិត បានបង្កើតគណនី facebook ក្លែងក្លាយជាច្រើនធ្វើការជេរប្រមាថ បរិហាកេរ្តិ៍ បំប៉ោងព័ត៌មានបំពុលសង្គម បង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបរិហារកេរ្តិ៍លើថ្នាក់ដឹកនាំកំពូល តាំងពីព្រះមហាក្សត្រ សម្តេចនាយករដ្ឋមន្រ្តី អភិបាលខេត្ត រហូតដល់ស្នងការនគរបាលខេត្តមួយចំនួន ដោយគេបានសរសេរនូវភាសាអសុរោះ កាត់តរូបភាពលើគណនី Facebook ក្លែងក្លាយទាំងនោះ។

ជនសង្ស័យ ងិន ស៊ុយទ្រី បានសារភាពថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយនឹងនារីម្នាក់តាំងពីដើមឆ្នាំ២០១៦ ក្រោយមកនារី នោះបានផ្លាស់ប្ដូរមកធ្វើការនៅរាជធានីភ្នំពេញ តាំងពីពេលនោះមកទំនាក់ទំនងរបស់គេបានត្រូវឃ្លាតឆ្ងាយ និងដោយសារនារីម្នាក់នោះមានទំនាក់ទំនងជាមួយបុរសជាច្រើនផ្សេងទៀតធ្វើអោយគេកើតចិត្តប្រចណ្ឌ ហើយក៏បានបង្កើតគណនីក្លែងក្លាយជាឈ្មោះរបស់នារីនោះ ជាឪពុក និងជាមិត្តភ័ក្ររបស់នាងជាច្រើនទៀត ដើម្បីវាយប្រហារថ្នាក់ដឹកនាំកំពូលៗ ចេតនាដើម្បីទំលាក់កំហុសអោយនាង ព្រមទាំងមិត្តភក្កិដៃគូរស្នេហា និងគ្រួសាររបស់នាងផងដែរ។

បច្ចុប្បន្ននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកែប កំពុងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យនេះទៅតុលាការ ចាត់ការតាមនីតិវិធី៕