ខេត្តបន្ទាយមានជ័យ៖ មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ចំនួនបីរូប ពាក់ព័ន្ធករណីផ្ទុះអាវុធ ២គ្រាប់ ក្នុងពេលផឹកស៊ី បានត្រូវស្នងការនគរបាលខេត្ត ដកតួនាទី បន្ថយសក្តិ និងពិន័យរដ្ឋបាលរួចហើយ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២០ ។

លោកឧត្ដមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ លោកបានបញ្ជាឲ្យដកតួនាទី បន្ថយសក្ដិ និងពិន័យរដ្ឋបាលដល់មន្ត្រីនគរបាលបីរូប ដែលមានការពាក់ព័ន្ធករណីផ្ទុះអាវុធ២គ្រាប់នោះហើយ។ ក្នុងនោះជនដៃដល់ជាអ្នកផ្ទុះអាវុធ ឈ្មោះ ឈឹម អឿត ដែលមានតួនាទីជានាយផ្នែក នៃការិយាល័យសរុបវិភាគ ត្រូវបានដកតួនាទី បន្ថយសក្តិពីថ្នាក់វរសេនីយ៍ត្រី មកនៅត្រឹមអនុសេនីយ៍ទោ វិញ, ឈ្មោះ សៀក ប៊ុនសៀង បន្ថយសក្តិពីអនុសេនីយ៍ទោ មកនៅត្រឹមព្រឹន្ទបាលឯក ។ ចំណែកឈ្មោះ ឧត្តម ឆរ័ត្ន ដែលបានចូលរួមផឹកស៊ី និងបានដកកាំភ្លើងពីខ្មាន់កាំភ្លើង ត្រូវបានដាក់ពិន័យរដ្ឋបាលបញ្ឈរជើង បីខែ។ ការដាក់ពិន័យ និងដកតួនាទី លើមន្ត្រីនគរបាល ខាងលើ ធ្វើឡើងដើម្បីព្រមានដល់មន្ត្រីនគរបាលឯទៀត កុំឲ្យប្រព្រឹត្តខុសតទៅទៀត។

កាលពីល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ក្នុងចំណុចផ្ទះមន្រ្តីនគរបាលម្នាក់ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ យុវជនម្នាក់ជាមន្ត្រីនគរបាល ក្នុងចំណោមបក្ខពួកផឹកស៊ីជាមន្ត្រីនគរបាលដូចគ្នា៣នាក់ ពេលផឹកស៊ីស្រវឹង បានស្រែកឡូឡា និងទាញកាំភ្លើងខ្លីបាញ់ពីរគ្រាប់ ធ្វើឱ្យអ្នកជិតខាងបះសក់ រត់ជាន់ជើងគ្នា ។

អ្នកឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ នៅផ្ទះឈ្មោះមិន ភារៈ ហៅ វីត ជាមន្ត្រីនគរបាលខេត្ត និងបុរសពីរនាក់ទៀត ដែលគេមិនស្គាល់អត្តសញ្ញាណច្បាស់នោះ គ្រាន់តែធ្លាប់ឃើញចេញចូលផ្ទះកើតហេតុញឹកញាប់ បានជុំគ្នាផឹកស៊ី។ ពេលផឹកស៊ីស្រវឹង បានស្រែកឡូឡា និងទាញកាំភ្លើងខ្លីបាញ់ពីរគ្រាប់ ធ្វើឱ្យអ្នកជិតខាងបះសក់ រត់ជាន់ជើងគ្នា ។ ខ្មាន់កាំភ្លើងនៅក្នុងហេតុការណ៍នោះ មានរូបរាងខ្ពស់ ធាត់បន្តិច សម្បុរ ស បានកាន់កាំភ្លើងខ្លីមិនស្គាល់ម៉ាក ពណ៌ខ្មៅ បាញ់ពីរគ្រាប់ គឺមួយគ្រាប់បាញ់នៅខាងមុខ និងគ្រាប់ទៀតបាញ់ក្បែរតុផឹកស៊ី។

លោកប៉ែន អ៊ីម មេភូមិអូរអំបិល បានបញ្ជាក់ថា ករណីបាញ់បោះសេរីនេះ បានកើតឡើងនៅចន្លោះម៉ោងប្រមាណជា៥ និង៤០នាទីទៅម៉ោង៦ល្ងាច ថ្ងៃសុក្រទី១១ខែធ្នូឆ្នាំ២០២០ បង្កឡើងដោយក្រុមអ្នកផឹកស៊ីប្រមាណជាបីទៅបួននាក់។ អ្នកបាញ់ជាបក្ខពួករបស់ឈ្មោះមិន ភារៈ ហៅ វីត ជាមន្ត្រីនគរបាលខេត្ត និងជាម្ចាស់ផ្ទះ។ ក្រោយពេលកើតហេតុ ក្រុមអ្នកផឹកស៊ីនោះ បានបិទទ្វារផ្ទះ ហើយចេញទៅក្រៅបាត់អស់ ហើយមន្តី្រនគរបាលប៉ុស្តិអូរអំបិល ដឹកនាំដោយលោក វទ្ធី ក៏បានចុះទៅអង្កេតលើករណីនេះដែរ។
លោកមេភូមិបាននិយាយថា ករណីនេះ មិនមែនផ្តើមឡើងពីជម្លោះក្នុងវង់ផឹកស៊ីនោះទេ គឺ ផឹកស្រាបៀរស្រវឹងស្រឺងៗ បាញ់ដើម្បីកំសាន្តអារម្មណ៍ប៉ុណ្ណោះ។

លោកឧត្តមសេនីយ៍ត្រីម៉ក់ ឧត្តម បានទទួលស្គាល់ថា កូនប្រុសរបស់លោកពិតជាបានចូលរួមផឹកស៊ីនៅកន្លែងបាញ់បោះនោះមែន ប៉ុន្តែជនដៃដល់មិនមែនជាកូនប្រុសរបស់លោកនោះទេ។ ខណៈមានការផ្ទុះអាវុធនោះ កូនប្រុសរបស់លោក ជាចុងភៅធ្វើសាច់ក្លែម។ ក្រោយផ្ទុះអាវុធនោះ កូនរបស់លោកបានរត់មកដកកាំភ្លើងចេញពីអ្នកបាញ់ ដើម្បីកុំអោយបាញ់បន្តទៀត៕