រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានអ្នកឆ្លងកូវីដ-១៩ ថ្មីទេ មានតែមានអ្នកជាសះស្បើយចំនួន ៧នាក់។ ក្នុងនោះ មាន៥នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និង២នាក់ជាអ្នកធ្វើដំណើរមកពីប្រទេស។

អ្នកជាសះស្បើយពីឿជំងឺកូវីដ-១៩ នៅព្រឹកនេះ ទី១- កុមារាជនជាតិខ្មែរ អាយុ១២ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ ជាកូនប្រុសរបស់ស្ត្រីអាយុ៣៦ឆ្នាំ និងជាចៅប្រុសរបស់អគ្គនាយកពន្ធនាគារ ក្រសួងមហាផ្ទៃ។ ទី ២- បុរសជនជាតិខ្មែរ អាយុ៣៦ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ជាអ្នកបើកបរឲ្យអគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ។ ទី៣- បុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាជំនួយការរបស់អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ។ ទី៤- ស្ត្រីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ ស្នាក់នៅសង្កាត់ទូលទំពូង១ ខណ្ឌចំការមន ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ។ ទី៥- បុរសជនជាតិខ្មែរ អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។ សូមកត់សម្គាល់ថា បុគ្គលទាំង៥នាក់ខាលើនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

ទី៦- ស្ត្រីជនជាតិខ្មែរ-អាមេរិក អាយុ៦២ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បានធ្វើដំណើរមកពីអាមេរិក មកដល់កម្ពុជានៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ និងទី៧- បុរសជនជាតិអាមេរិកកាំង អាយុ៤២ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាអ្នកដំណើរមកពីប្រទេសចិន មកដល់កម្ពុជាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ៕