រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌ នៅព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០​ថា ក្រសួងសុខាភិបាល រកមិនឃើញមានករណីវិជ្ជមានថ្មី នៃកូវីដ-១៩  នៅកម្ពុជានោះទេ ប៉ុន្ដែនៅកម្ពុជាមាន​ករណីព្យាបាលអ្នកជំងឺកូវីដ-១៩ឲ្យជាសះស្បើយបន្ថែមទៀត ចំនួន៧នាក់។

ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា អ្នកជំងឺត្រូវព្យាបាលឲ្យជាសះស្បើយ ពីជំងឺកូវីដ-១៩ ចំនួន៧នាក់នោះ រួមមាន អ្នកជំងឺ៥នាក់ ជាអ្នកមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» និង២នាក់ផ្សេងទៀត ជាអ្នកធ្វើដំណើរ មកពីក្រៅប្រទេស រួមមាន​៖

១-កុមារាជនជាតិខ្មែរ អាយុ១២ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ ជាកូន របស់ស្ត្រី អាយុ៣៦ឆ្នាំ និងជាចៅប្រុសរបស់លោកអគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ។

២-បុរសជនជាតិខ្មែរ អាយុ៣៦ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ជាអ្នកបើកបររថយន្ដជូនលោកអគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ។

៣-បុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាជំនួយការរបស់លោកអគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ។

៤-ស្ត្រីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ ស្នាក់នៅសង្កាត់ទូលទំពូង១ ខណ្ឌចំការមន ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ។

៥-បុរសជនជាតិខ្មែរ អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។

សូមបញ្ជាក់ថា អ្នកជំងឺកូវីដ​ទាំង៥នាក់ខាលើនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមាន នៃវីរុសកូវីដ-១៩ ចំនួន២ដង ទើបអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

៦-ស្ត្រីជនជាតិខ្មែរ-អាមេរិក អាយុ៦២ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បានធ្វើដំណើរមកពីអាមេរិក ហើយគាត់មកដល់កម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ គាត់ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

៧-បុរសជនជាតិអាមេរិកាំង អាយុ៤២ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ គាត់ជាអ្នកដំណើរ មកពីប្រទេសចិន ហើយគាត់បានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយត្រូវបានព្យាបាលជាសះស្បើយ ទើបអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

បើគិតមកដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ប្រទេសកម្ពុជារកឃើញ មានអ្នកឆ្លងកូវីដ-១៩ សរុប​៣៦២នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកត្រូវ​ព្យាបាលជាសះស្បើយ ចំនួន ៣១៩នាក់។ ដោយឡែកអ្នកជំងឺចំនួន៤៣នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរបស់រដ្ឋ៕