ខេត្ដកែប៖ បុរសម្នាក់ បានចងគំនុំនឹងអតីតសង្សាររបស់ខ្លួន ក៏បង្កើតគណនីបណ្ដាញសង្គមហ្វេសប៊ុក​ក្លែងក្លាយជាច្រើន ហើយដាក់រូបអតីតគូស្នេហ៍របស់ខ្លួន និងជេរប្រមាថព្រះចេស្តា(ព្រះមហាក្សត្រ) ថ្នាក់ដឹកកំពូល អភិបាល និង ស្នងការខេត្តជាច្រើន ក៏ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប។

មន្រ្ដីនគរបាលខេត្តកែប បានឲ្យដឹងថា ជនសង័្សយ ឈ្មោះ ងិន ស៊ុយទ្រី អាយុ២៥ឆ្នាំ ត្រូវបានសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយនគរបាលខេត្តកែប ចាប់ខ្លួន នៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ​ជាកន្លែងរស់នៅរបស់ជនសង័្សយ។

បើតាមសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ជនសង័្សយរូបនេះមានចេតនាទុច្ចរិត បានបង្កើតគណនីហ្វេសប៊ុក ក្លែងក្លាយជាច្រើន ​ជេរប្រមាថ បរិហាកេរ្តិ៍ បំប៉ោងព័ត៌មាន បំពុលសង្គម និង បង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបរិហារកេរ្តិ៍ ថ្នាក់ដឹកនាំកំពូលៗ មានទាំងព្រះមហាក្សត្រ សម្តេចនាយករដ្ឋមន្រ្តី អភិបាលខេត្ត ព្រមទាំងស្នងការនគរបាលខេត្តមួយចំនួន។ ជនសង័្សយតែងតែ​សរសេរ​នូវភាសាអសុរោះ និងកាត់តរូបភាព លើគណនីហ្វេសប៊ុកក្លែងក្លាយទាំងនេះថែមទៀតផង។

ជនសង័្សយ ងិន ស៊ុយទ្រី បានសារភាពថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយនឹងនារីម្នាក់ ឈ្មោះ ទ ស​ តាំងពីដើមឆ្នាំ២០១៦មកម៉្លេះ។ លុះក្រោយមក នាងបានផ្លាស់ប្ដូរ មកធ្វើការនៅរាជធានីភ្នំពេញ  ទើបធ្វើឲ្យទំនាក់ទំនងរបស់ពួកគេ ​ត្រូវឃ្លាតឆ្ងាយពីគ្នា ហើយនាងក៏មានទំនាក់ទំនងជាមួយបុរសជាច្រើនផ្សេងទៀត។ ដោយសារតែបញ្ហានេះ ទើបធ្វើឱ្យគេកើតក្ដីប្រចណ្ឌ ហើយ​បានបង្កើតគណនីក្លែងក្លាយ ​ដាក់ឈ្មោះ​ ទ្រី ស៊ាងម៉ី ឪពុក និងជាមិត្តភក្តិរបស់នាងជាច្រើនទៀត ដើម្បី​វាយប្រហារថ្នាក់ដឹកនាំកំពូលៗ ក្នុងចេតនា ដើម្បីទម្លាក់កំហុសឱ្យនាង​ ព្រមទាំងមិត្តភក្កិ និងប្រុសស្នេហ៍ ក៏ដូចជា គ្រួសាររបស់នាង​។

ក្រោយពេលឃាត់ខ្លួន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កំពុងសហការគ្នាជាមួយស្នងការដ្ឋាននគរបាលខេត្តកែប ​រៀបចំកសាងសំណុំរឿង បញ្ជូនជនសង័្សយ​ទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី៕