ខេត្តព្រៃវែង៖ យុវជនម្នាក់ ត្រូវជន១ក្រុមមានគ្នាច្រើននាក់ព្រួតគ្នាវាយរហូតដល់ស្លាប់យ៉ាងអាណោចអាធ័ម តែយ៉ាងជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង តែពេលនេះ ជនសង្ស័យទាំង២នាក់នេះ ត្រូវលោកស្រីចៅក្រមសម្រេចដោះលែងឲ្យនៅក្រៅឃុំ ធ្វើឲ្យឪពុកម្តាយអ្នកស្លាប់កើតទុក្ខមិនសុខចិត្ត ស្រែកដង្ហោយរកយុត្តិធម៌។

សូមបញ្ជាក់ថា សមត្ថកិច្ចជំនាញបានសហការចាប់ខ្លួនជនសង្ស័យបានចំនួន២នាក់ ៖ ទី១.ឈ្មោះ ពៅ វិសាល ហៅតុប ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឈើត្រែង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ២.ឈ្មោះ ចេង សុភណ្ឌ័នរៈ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រើយង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ពាក់ព័ន្ធករណីឃាតកម្ម កសាងសំណុំរឿងបញ្ជូនទៅតុលាការ បានមួយរយៈខ្លី មិនទាន់បានធ្វើបុណ្យ១០០ថ្ងៃសពជនរងគ្រោះផង ស្រាប់តែជនត្រូវចោទជាឃាតករ២នាក់ និងបក្ខពួក ត្រូវបានលោកស្រី ទែន សុនីតា ចៅក្រមសើបសួរ ដាក់អោយស្ថិតក្រោមការពិនិត្យ (នៅក្រៅឃុំ) ពីបទហិង្សាមានស្ថានទម្ងន់ទោស ដោយសារមរណៈ នៃជនរងគ្រោះ។

លោក អូន យឿន និងអ្នកស្រី ឈុន សាម៉ៃ ត្រូវជាឪពុកម្តាយសពជនរងគ្រោះឈ្មោះ យាន សំណាង រស់នៅភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង បានឲ្យអ្នកសារព័ត៌មាន យើងដឹងថា កូនប្រុសគាត់ត្រូវបានជនដៃដល់ខាងលើ ព្រួតគ្នាវាយសម្លាប់ដូចសត្វធាតុ ស្លាប់យ៉ាងអាណោចអាធ័ម នៅតាមចិញ្ចើមថ្នល់ ហើយសមត្ថកិច្ចជំនាញ ក៏បានសហការចាប់ខ្លួនជនសង្ស័យជាឃាតករបានដោយលំបាក តែបែរជាលោកស្រី ចៅក្រម ដោះលែងដាក់ឲ្យស្ថិតក្រោមការពិនិត្យតាមផ្លូវតុលាការទៅវិញ។

លោកស្រី អាត សាខន អ្នកនាំពាក្យសាលាដំបូងខេត្តព្រៃវែង បានប្រាប់តាមរយៈ តេឡេក្រាមថា ក្នុងនាម នាងខ្ញុំជាអ្នកនាំពាក្យ របស់សាលាដំបូងខេត្តព្រៃវែង សូមបញ្ជាក់ចំពោះរឿងដែលលោក ស្រី ទែន សុនីតា ដោះលែងជនសង្ស័យទាំង ២នាក់ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ននេះ ដោយសារជនត្រូវចោទម្នាក់ត្រូវប្រលងបាក់ឌុបនៅខែ១២ និងម្នាក់ទៀតមានការធានាពីក្រុមគ្រួសារ ហើយមានការដាក់ប្រាក់តម្តល់ធានាឲ្យនៅក្រៅឃុំទៀតផង ហេតុនេះទើបលោកស្រី ទែន សុនីតា ចៅក្រមស៊ើបសួរ ដាក់ជនត្រូវចោទទាំង ២នាក់ ក្រោមការត្រួតពិនិត្យ ដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ ហើយចំពោះការដោះលែងនៅក្រៅឃុំនេះ មិនមែនមានន័យថា ជាការបញ្ចប់រឿងដោះលែងជនបង្ករឲ្យរួចខ្លួននោះទេ សូមកុំមានការយល់ច្រលំ។ លោកស្រីបន្តថា កាពិតវាជាការឲ្យនៅក្រៅឃុំ ជាបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយលោកស្រីនឹងបញ្ជូនសំណុំរឿងខាងលើនេះទៅបើកសវនាការជំនុំជម្រះកាត់ទោសជនត្រូវចោទឆាប់ៗនេះ។

ពាក់ព័ន្ធនឹងការដោះលែងឲ្យនៅក្រៅឃុំនេះ អ្នកច្បាប់មួយរូបបង្ហើបថា លោកស្រីចៅក្រម មិនគួរ ប្រញាប់ប្រញាល់ឲ្យយនៅក្រៅឃុំនោះទេ ព្រោះបទល្មើសនេះ ជាបទឧក្រិដ្ឋ ។ ម្យ៉ាងទៀត បក្ខពួកជនបង្កមានច្រើននាក់មិនទាន់ចាប់ខ្លួនបានអស់នៅឡើយ ។ ការដោះលែងបែបនេះ កាន់តែបង្កើនក្ដីឈឺចាប់ដល់ជនគ្រោះ ថែមទៀត ។
ជុំវិញនឹងករណីនេះ «KBN» រង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕ ( ប្រភពពី Pheng Vannak News)