រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ សម្ដេច ហ៊ុន សែ បានប្រកាសអនុញ្ញាតឲ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ ជាប់បាក់ឌុបស្វ័យប្រវត្តិ ដោយមិនចាំចាប់ឆ្លងកាត់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនោះឡើយ។

សម្ដេច ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា «ខ្ញុំសុំយោគយល់ពីសិស្សានុសិស្ស ដែលមិនទាន់មានលទ្ធភាពអនុញ្ញាតឲ្យប្រឡង នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នោះទេ។ យើងត្រូវទទួលយកនូវអ្វីដែលវាបានកើត សម្រាប់ប្រទេសរបស់យើង សម្រាប់ពិភពលោក, គុណភាពអប់រំធ្លាក់ចុះបន្ដិចហើយ ហើយខ្ញុំពិតជាឃើញការលំបាកអំពីការមិនបានប្រឡង បែរជាអ្នកនេះជាប់ អ្នកនេះធ្លាក់ ខ្ញុំឃើញការលំបាក។ ប្រសិនបើការលំបាកអញ្ចឹង ឲ្យជាប់ទាំងអស់គ្នាតែម្ដងទៅឆាប់ចប់ ឲ្យជាប់ទាំងអស់គ្នាតែម្ដងទៅ ហើយកុំឲ្យក្មេងៗភ័យ»។

ចំពោះការសម្រេចបែបនេះ សម្ដេចមិនខ្វល់ពីការប្រមាថមើលងាយរបស់មនុស្សមួយចំនួនតូចនោះទេ ព្រោះសម្ដេចគ្មានជម្រើសណាផ្សេងល្អជាងនេះឡើយ ព្រោះសម្ដេចមិនទុកឲ្យមនុស្សផ្សេងទៀតឆ្លងជំងឺកូវីដ-១៩ ចេញពីការរៀបចំប្រឡងបាក់ឌុបនោះទេ ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់ថា បេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២០នេះ មានចំនួនជាង១២១,១០៨នាក់ (ស្រី៦៣,៩០៨នាក់) ។ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ដ្រ ៤០,៧៤៦នាក់ (ស្រី២៣,៦២៩នាក់) និងថ្នាក់វិទ្យាសាស្ដ្រសង្គម ៨០,៣៦២នាក់ (ស្រី៦៦.៣៥នាក់)៕