សម្តេច​តេជោ ហ៊ុន សែន​  កាលពីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បាន​ស្នើ​រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ យុវជន​និង​កីឡា លោក ហង់ ជួន​ណារ៉ុង ពិចារណា​សម្រេច​ឲ្យ​សិស្ស​ ដែល​ត្រូវ​ប្រឡង​បាក់ឌុប​ឆ្នាំនេះ ​ជាប់​ដោយ​ស្វ័យ​ប្រវត្តិ ដោយសារ​ស្ថានភាព​កូវីដ-១៩​ នៅ​មិន​ទាន់​ធូរ​ស្រាល​។

សម្តេចតេជោ ​លើក​ឡើង​ថា «វិបត្តិ​កូវីដ-១៩​នៅ​បន្ត​អូ​ស​បន្លាយ​ មិនទាន់​អាច​ដឹង​ថា ​ស្ថានភាពអាច​ល្អ​ប្រសើរ ​នៅ​ពេល​ណា​ទេ។ ​បើ​វា​លំបាក​ពេក សូមឲ្យ​សិស្ស​បាក់ឌុប​ជាប់​ទាំងអស់​គ្នា​ទៅ»។ ​

ក្រសួងអប់រំ ​កាលពីពេលកន្លងទៅនេះ បានប្រកាស​រៀបចំការ​ប្រឡង​បាក់ឌុប ​នៅ​ថ្ងៃទី១១ ខែមករា​ ឆ្នាំ​២០២១ តែ​ក្រោយ​មក​ដោយ​សារ​ការ​ផ្ទុះ​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា ទើបសម្រេច​ឲ្យ​តាម​សាលា ជា​អ្នក​​រៀបចំ​ការ​ប្រឡង​ ដោយ​គិត​និទ្ទេស​ពិន្ទុ​ជាប់​ធ្លាក់​តែ​ម្តង។

ដោយសារតែបញ្ហាកូវីដ១៩នេះ ទើបសម្តេចនាយករដ្ឋមន្រ្ដី ​ស្នើដល់រដ្ឋមន្រ្ដីក្រសួងអប់រំ សូម​ពិចារណា​ឲ្យសិស្ស​  ​ទើប​ប្រលង​បឋមភូមិ​កន្លង​ទៅថ្មីៗ​នេះ ក៏​ជាប់ដោយ​ស្វ័យប្រវត្តិផង​ដែរ៕