ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀង ម៉ៃ សុគន្ធ ដែលមានរហ័សនាម មហាទើស បានបង្ហោះសារលើកឡើងអំពីបញ្ហារលួយចុងច្រមុះរបស់ខ្លួន ដោយសារតែការកែសម្ផស្សនៅគ្លីនិចមួយ នៅប្រទេសថៃ និងមានភ្ជាប់ដោយរូបថតមួយចំនួនផងដែរ ។ តែទីបំផុត តារាចម្រៀងមហាទើស រូបនេះ បានចេញមុខសុំទោសជាសាធារណៈ ហើយរូបថតមួយចំនួននោះត្រូវបានលុបចេញវិញអស់។

កាលពីចុងខែវិច្ឆិកាឆ្នាំ២០២០ កន្លងទៅនេះតារាចម្រៀងម៉ៃសុគន្ធ បានបង្ហោះសារលើបណ្តាញសង្គមថា៖ បន្ទាប់ពីលោកបានស្វែងរកការព្យាបាលនៅគ្លីនិចក្នុងស្រុកមួយយីហោតុងម៉ី អ្វីដែលចាប់អារម្មណ៍នោះ គឺច្រមុះរបស់លោកមានបញ្ហា ក្រោយពីការវះកាត់ដាក់ខ្ទង់ដែលធ្វើនៅគ្លីនិចមួយ យីហោសុមចៃគ្លីនិច នៅរាជធានីបាងកក ព្រះរាជាណាចក្រថៃ ដែលការវះកាត់នេះធ្វើឡើងកាលពីអំឡុងចុងឆ្នាំ២០១៨មកម្ល៉េះ។

ក្រៅពីនេះ លោក ម៉ៃ សុគន្ធ ក៏បានភ្ជាប់ដោយសារដោតចោទទៅលើគ្លីនិចនេះថា ខ្វះទំនួលខុសត្រូវ ហើយលោកថែមទាំងអំពាវនាវកុំឲ្យអ្នកនិយមកែសម្ផស្សកុំផ្តល់ទំនុកចិត្តខ្លាំងពេកទៅលើគ្លីនិចខ្លះនៅទីនោះ។ លោកថាសេវាកម្មធ្វើឲ្យរួចតែពីដៃ ហើយពេលនេះខ្ទង់ដែលដាក់ពីមុន ធ្វើឲ្យច្រមុះលោកមានបញ្ហានោះត្រូវបានដកចេញហើយ ហើយត្រូវបានព្យាបាលជំនួសដោយមជ្ឈមណ្ឌលកែសម្ផស្សតុងម៉ី នៅភ្នំពេញ។

ក្រោយបានបង្ហោះសារ ភ្ជាប់ដោយរូបថតមួយចំនួននោះ គណនីយហ្វេសប៊ុករបស់លោកស្រី Dana Orm ដែលគេស្គាល់ថាជាអ្នកជំនួញវ័យក្មេង ចិត្តសប្បុរសនោះ បានប្រតិកម្មនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកស្រី តបវិញថា៖ ”ជូនចំពោះបុគ្គលតារាសំគិះម្នាក់ ដែលមានចិត្ត លោភលន់ ចង់ផុសបង្ខូចបំផ្លាញអ្នកដ៏ទៃ ដើម្បីប្រយោជន៏ផ្ទាល់ បានផុសបំផ្លាញគេ ដើម្បីជួយផ្សាយ គ្លីនិក និងគ្រូពេទ្យថ្មីមិនច្បាស់លាស់ គ្មានច្បាប់មួយកន្លែង ។

នេះគ្រាន់ជាការផុសសារក្រើនរំលឹកឱ្យដឹង បើនៅមិនភ្ញាក់រលឹកទៀត មានតែចាត់ការតាមច្បាប់។ មានវិធីច្រើនណាស់ក្នុងការប្រមូទ តែមិនត្រូវប៉ះពាល់បង្ខូចដល់អ្នកដទៃទេ ហើយគ្លីនិក somchai នឹងមាននៅស្រុកខ្មែរឆាប់ៗនេះ បើកដោយរូបនាងខ្ញុំ នឹង Dr Nok Somchaiclinic ផ្ទាល់។ ចង់ប្រាប់ថាជាគ្លីនិក somchai មានប្រវត្តិល្អ ល្បីរាប់សិបឆ្នាំ ហើយ គ្រូពេទ្យនីមួយៗមានជំនាញច្បាស់លាស់ និងមានទំនួលខុសត្រូវ ទទួលស្គាល់ទូទាំងប្រទេសថៃ”។

បើទោះបី លោកស្រី Dana Orm មិនបានបញ្ជាក់ថាតារាសំគិះម្នាក់នោះថាជាអ្នកណា ក៏គេអាចសន្និដ្ឋានបានថា លោកស្រី សំដៅទៅលើលោកម៉ៃ សុគន្ធ យ៉ាងពិតប្រាកដ។
បន្តាប់មក ស្រាប់តែគេឃើញតារាចម្រៀង ម៉ៃ សុគន្ធ ដែលមានរហ័សនាម មហាទើស បានចេញមុខសុំទោសជាសាធារណៈ ហើយរូបថតមួយចំនួនដែលលោកបានបង្ហោះកាលពីប៉ុន្មានថ្ងៃមុននោះ ត្រូវបានលុបចេញវិញផងដែរ។ជាមួយគ្នានោះ ម្ចាស់គ្លីនិចតុងម៉ី ក៏បានបញ្ចេញវីដេអូទាំងយប់ ដើម្បីធ្វើការគោរពសុំទោសទៅកាន់លោកស្រី Dana Orm និងម្ចាស់គ្លីនិកល្បីរបស់ប្រទេសថៃ នោះផងដែរ ៕