ភ្នំពេញ ៖ បងប្អូនកូនភ្លោះ២នាក់រួមទាំងក្មួយជីដូនមួយម្នាក់ទៀតចេញពីធ្វើការសំណង់នាំបងប្អូនស្ងោមាន់ហូប ស្រាប់តែផ្ទុះធុងហ្គាស បណ្តាលឲ្យបុរសជាបងស្លាប់ក្នុងអណ្តាតភ្លើងចោលប្រពន្ធកំពុងមានផ្ទៃពោះ៧ខែ ខណៈបុរសជាប្អូនរងរបួសធ្ងន់ត្រូ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៩ និង២០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ ២០២០ នៅចំណុចបន្ទប់ជួលលេខ៣៣ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សពជនរងគ្រោះជាបងឈ្មោះព្រីម សុខា ភេទប្រុស អាយុ២១ ឆ្នាំមុខរបរដើរម៉ៅការបុកគ្រឹះ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ មានស្រុកកំណើត ភូមិប្រាំយ៉ាង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងមានប្រពន្ធកំពុងមានផ្ទៃពោះ៧ខែផង។ចំណែកជនរងគ្រោះរងរបួសជាប្អូនឈ្មោះព្រីម ឃីញ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅជាមួយគ្នានិងស្រុកកំណើតជាមួយគ្នា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបងប្អូនកូនភ្លោះ២នាក់រួមទាំងក្មួយជីដូនមួយម្នាក់ទៀត ចេញពីធ្វើការសំណង់វិញ បាននាំគ្នាបើកហ្គាសស្ងោរមាន់ តែមិនទាន់បានហូបផង ស្រាប់តែផ្ទុះធុងហ្គាស (ប្រភេទធុងតូច) បណ្ដាលឲ្យឆាបឆេះផ្សែងខ្មួលខ្មាញ់ចេញពីបន្ទប់ជួល ហើយគេឃើញបុរសជាប្អូននិងក្មួយជីដូនមួយបានរត់ចេញមកក្រៅ និងស្រែកឲ្យជួយ ចំណែកបងមិនបានចេញមកក្រៅទេ គឺនៅព្យាយាមយកម៉ូតូចេញមកក្រៅ ខណៈនោះបុរសជាប្អូនមិនឃើញបងចេញមកក្រៅ ក៏ចូលទៅជួយទាំងភ្លើងកំពុងឆាបឆេះ ឃើញបងត្រូវភ្លើងឆេះខ្លោចស្លាប់នៅក្បែរម៉ូតូ យ៉ាងអាណោចអាធ័ម ហើយបុរសជាប្អូនត្រូវភ្លើងឆេះប្រវេប្រវាចេញមកវិញ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់មកដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ ៕