ភ្នំពេញ៖ រថយន្តមួយគ្រឿង ម៉ាកធុនដ្រា ពណ៌ខ្មៅ ពេលកំពុងឈប់ភ្លើងស្តុប ស្រាប់តែស្រុតកង់ចុះក្រោម ផុងចូលទៅក្នុងលូ បង្កឱ្យមានការភ្ញាក់ផ្អើល ស្មានថាព្រះធរណីស្រូប ។

ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវនេរុហ៍ (២១៥) ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។

តាមការពិនិត្យមើលកន្លែងដែលបាក់ស្រុតនោះ គឺមកពីផ្លូវកៅស៊ូអ៊ុតស្ដើងពេក និងគ្មានការកិនបង្ហាប់បានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ។ ​ម្ចាស់គណនីឈ្មោះ Huong Putthea បានបង្ហោះសារថា សូមអរភ័យទោសអ្នកទាំងអស់គ្នា ខ្ញុំបាទជាម្ចាស់ឡាន ។ ក្នុងហេតុការនេះ ខ្ញុំបាទបានឈប់ស្តុបតម្រង់ជួរគ្នា តែនៅសុខៗ ស្រាប់តែកន្លែងនេះ ស្រុតបាក់ចុះក្រោមតែម្តង ។

ករណីនេះ មិនដឹងថា នរណាជាអ្នកទទួលខុសត្រូវទេ តែ ប្រជាពលរដ្ឋសង្ឃឹមថា ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងធ្វើការជួសជុលឱ្យបានរឹងមាំល្អ កុំឱ្យមានហេតុការណ៍បែបនេះកើតឡើងទៀត ៕