ភ្នំពេញ ៖ សង្ស័យប្រុសស្រី២នាក់លួចខោរោងចក្របាន៣ថ្ងៃ ត្រូវកម្លាំងនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជាមួយស្រីម្នាក់ជាអ្នកទិញខោដែលលួចបាននោះ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។

ជនសង្ស័យទាំង៣នាក់ រួមមាន ៖
ទី១-ឈ្មោះ សន សុខពឿន ហៅ សាក់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ អនុប្រធានផ្នែកវេចខ្ចប់ ។
ទី២-ឈ្មោះ ប៉ិច សុខ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខរោងចក្រអៅវ័រ តិចស្តាយ។ ២នាក់នេះ ស្នាក់នៅក្នុងរោងចក្រអៅវ័រ តិចស្តាយ ស្ថិតក្នុងភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
ទី៣-ឈ្មោះ រស់ គីមស្រេង ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

ចំណែកជនរងគ្រោះឈ្មោះ ហួ គឹមសាន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរអនុប្រធានក្រុមហ៊ុន អៅវ័រ តិចស្តាយ មានទីលំនៅផ្ទះលេខ២១៨ ផ្លូវលេខ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១និង០០នាទីយប់ ប្រធានរដ្ឋបាលរោងចក្រ អៅវ័រ តិចស្តាយ បានទូរស័ព្ទប្រាប់ឈ្មោះ ហួ គឹមសាន អនុប្រធានក្រុមហ៊ុន ថា កាតុងខោដែលត្រូវនាំចេញទៅប្រទេសក្រៅ បានបាត់ចំនួន៨កាតុង គិតជាទឹកប្រាក់មានចំនួន២០០០ដុល្លារអាមេរិក។ លុះដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះក៏បានឱ្យប្រធានរដ្ឋបាលហៅកម្មករដែលពាក់ព័ន្ធទាំងអស់មកធ្វើការសួរនាំ ទើបដឹងថាជនសង្ស័យឈ្មោះ សន សុខពឿន ហៅ សាក់ និងឈ្មោះ ប៉ិច សុខ ជាអ្នកលួចយកកាតុងខោនោះ ក៏ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស យកទៅធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។

ជនសង្ស័យទាំង២នាក់ បានសារភាពថា កាតុងខោ និងខោលីអូដែលលួចបាននោះ គឺពួកគេយកទៅលក់ឱ្យស្រ្តីឈ្មោះ រស់ គីមស្រេង ស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ សមត្ថកិច្ចក៏បានសហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យឈ្មោះ រស់ គីមស្រេង ដល់ផ្ទះ បានម្នាក់ទៀត ៕