រាជធានីភ្នំពេញ ៖ រថយន្តហ្វដស៊េរីទំនើប១គ្រឿងបើកបរបោះពួយយ៉ាងលឿនដូចហោះ មិនដឹងជាប្រញាប់ទៅណាឡើយ ហើយខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុក បង្គោលភ្លើងបំភ្លឺផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យបាក់អស់១ដើម រីឯរថយន្តបង្ក រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ១៨០០ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហ្វដស៊េរីទំនើប ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BT-8603 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវខាងលើបោះពួយយ៉ាងលឿនដូចហោះ លុះដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតបុកបង្គោលភ្លើងបំភ្លឺផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យបាក់អស់១ដើម ហើយរថយន្តបង្ក រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ ចំណែកអ្នកបើកបរមិនរងរបួសទេ រួចបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះធ្វើការវាស់វែងយករថយន្តបង្ក ទៅរក្សាទុករង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយចេញប្រាក់សំណង ដែលបង្កឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈជារបស់រដ្ឋ៕


ចង់ជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖