រាជធានីភ្នំពេញ៖ យុវតីសស្រស់ស្អាតម្នាក់ ខណៈកំពុងបើកម៉ូតូឌុបមីងធ្វើដំណើរទៅលក់អីវ៉ាន់ ស្រាប់តែត្រូវរថយន្តដឹកស៊ីម៉ងត៍ មកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ទាំង២នាក់មីងក្មួយយ៉ាងអាណោចអាធ័ម បង្កាការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង១០នាទីព្រឹក នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចមុខសួនឧស្សាហកម្មវឌ្ឍន:២ផ្លូវជាតិលេខ៣ ឋិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ តាកែវ 3A-1246 អ្នកបើកបរមានឈ្មោះ សារ៉ាន់ រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើត ភូមិវាំង ឃុំជីផុន ស្រុកមេសាង ខេត្តព្រៃវែង(ឃាត់ខ្លួន) បុកម៉ូតូម៉ាក HONDA BEAT ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GS-5185 អ្នកបើកបរដោយ ឈ្មោះ ធុន ស្រីពេជ្រ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ(ស្លាប់នៅកន្លែងកើតហេតុ) និង អ្នករួមដំណើរមានឈ្មោះ ម៉ាក វណ្ណា ភេទស្រី អាយុ ៥៨ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅជាមួយគ្នា(ស្លាប់នៅកន្លែងកើតហេតុ) ។

ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ២នាក់មីងក្មួយ បានបើកម៉ូតូឌុបគ្នាទៅលក់អីវ៉ាន់នៅសួនឧស្សាហកម្មវឌ្ឍន: លុះពេលមកដល់ចំណុចកើតហេតុ ក៏ត្រូវបានរថយន្តបង្ក បុកបណ្ដាលឲ្យស្លាប់ទាំង២នាក់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ធ្វើការវាស់វែង និងកំណត់ហេតុ យកយានយន្តពាក់ព័ន្ធ និងបើកបររថយន្តបង្ក ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះតាមផ្លូវច្បាប់។ដោយឡែក សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងរៀបចំតាមប្រពៃណីទាំងក្តីសោកសង្វេគជាពន់ពេក៕