រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលក​ម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មាន​ថា នៅថ្ងៃនេះ ក្រសួង​រកមិនឃើញ មានករណីឆ្លងថ្មី នៃកូវីដ-១៩ ​នៅកម្ពុជានោះទេ ប៉ុន្ដែនៅកម្ពុជា មានករណីព្យាបាលជាសះស្បើយថ្មីម្នាក់ទៀត​​។​

បើគិតត្រឹមវេលាម៉ោង៧​នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកម្ពុជា មានអ្នក​ឆ្លងកូវីដ-១៩ សរុប​ ៣០៦នាក់។ ក្នុងចំណោម​អ្នកជំងឺទាំងនោះ មានអ្នកព្យាបាលជាសះស្បើយ ចំនួន២៩៦នាក់។ ដោយឡែក​អ្នកជំងឺ​១០​នាក់​ផ្សេងទៀត​ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យរបស់រដ្ឋ។

ដោយឡែកនៅលើពិភពលោកវិញ  បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ចំនួនអ្នកឆ្លងកូវីដ-១៩ សរុបនៅទូទាំងពិភពលោក កើនដល់ 59 487 326 នាក់ (ឆ្លងថ្មី 489 064 នាក់) ស្លាប់ 1 401 491 នាក់ (ស្លាប់ថ្មី ៧ ៨៧១នាក់) និងជាសះស្បើយ 41 138 035 នាក់។

រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក ជាប្រទេសមានអ្នកស្លាប់ និង​ឆ្លង​កូវីដ-១៩ច្រើនជាងគេ ដោយមានអ្នកឆ្លងបន្ដកើតឡើងដល់ 12 763 480 នាក់ ស្លាប់ 263 630 នាក់ និងជាសះស្បើយជាង​៧,៥​លាន​នាក់។ រីឯ​ប្រទេស​ដែលមានអ្នកឆ្លងច្រើន បន្ទាប់ពីអាមេរិក មានឥណ្ឌា ប្រេស៊ីល និងបារាំង…ជាដើម។

អាស៊ី ជាតំបន់មានអ្នកឆ្លង​កូវីដ-១៩ ច្រើនជាងគេបំផុត នៅលើពិភពលោក ដោយមានអ្នកឆ្លងសរុប​ កើនដល់ 15 883 203 នាក់ (ឆ្លងថ្មី 97 683 នាក់) ស្លាប់ 279 836 នាក់ (ស្លាប់ថ្មី 1 644 នាក់) និងជាសះស្បើយ 14 256 067 នាក់។ រីឯប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេ នៅតំបន់​អាស៊ី រួមមាន ឥណ្ឌា (ប្រទេស​នេះ​ឆ្លង​ច្រើន​លំដាប់​លេខ២​នៅ​លើ​ពិភព​លោក បន្ទាប់ពីអាមេរិក) អ៊ីរ៉ង់ អ៊ីរ៉ាក់ ឥណ្ឌូនេស៊ី បង់ក្លាដែស តួកគី និង​ហ្វីលីពីន …ជាដើម។

អឺរ៉ុប ជាតំបន់មានអ្នកឆ្លងជំងឺកូវីដ-១៩លំដាប់លេខ២ នៅលើពិភពលោក ដោយមានអ្នកឆ្លងសរុប​សរុប កើនដល់ 15 817 436 នាក់ (ឆ្លងថ្មី 173 583 នាក់) ស្លាប់ 359 374 នាក់ (ស្លាប់ថ្មី 3 859 នាក់) និង​ជាសះ​ស្បើយ 6 261 013 នាក់។ ប្រទេសមានអ្នកឆ្លងច្រើន នៅក្នុងតំបន់អឺរ៉ុប រួមមាន បារាំង រុស្ស៊ី អេស្ប៉ាញ​ អង់គ្លេស អ៊ីតាលី និងអាល្លឺម៉ង់…ជាដើម។

អាមេរិកខាងជើង ជាតំបន់មានអ្នកឆ្លងច្រើនលំដាប់លេខ៣ នៅលើពិភព​លោក ដោយមានអ្នកឆ្លងសរុប កើនដល់ 14 905 927 នាក់ (ឆ្លងថ្មី 176 518 នាក់) ស្លាប់ 393 225 នាក់ (ស្លាប់ថ្មី ១ ៣១៩នាក់) និងជា​សះ​ស្បើយ 9 159 561 នាក់។ ប្រទេស មានអ្នកឆ្លងច្រើន នៅក្នុងតំបន់នេះ រួមមាន សហរដ្ឋអាមេរិក ម៉ិកស៊ីក កាណាដា …ជាដើម។

អាមេរិកខាងត្បូង ជាតំបន់មានអ្នកឆ្លងច្រើន​លំដាប់លេខ៤ នៅលើ​ពិភព​លោក ដោយមានអ្នកឆ្លង​សរុប កើនដល់ 10 743 352 នាក់ (ឆ្លងថ្មី 30 824 នាក់) ស្លាប់ 317 960 នាក់ (ស្លាប់ថ្មី ៧៧៧នាក់) និងជា​សះ​ស្បើយ 9 661 688 នាក់។ ប្រទេស មានអ្នកឆ្លងច្រើន​ នៅក្នុងតំបន់នេះ រួមមាន ប្រេស៊ីល អាហ្សង់ទីន កូឡុំប៊ី ប៉េរូ និងឈីលី …ជាដើម។

អាហ្វ្រិក ជាតំបន់មានអ្នកឆ្លងច្រើន​ លំដាប់លេខ៥ នៅលើពិភពលោក ដោយមានអ្នកឆ្លង​សរុប កើនដល់ 2 092 833 នាក់ (ឆ្លងថ្មី 10 124 នាក់) ស្លាប់ 50 072 នាក់ (ស្លាប់ថ្មី 267 នាក់) និងជាសះស្បើយ 1 766 063 នាក់។ ប្រទេសមានអ្នកឆ្លងច្រើន នៅក្នុងតំបន់នេះ រួមមាន អាហ្វ្រិកខាងត្បូង ម៉ូរ៉ុកកូ និងអេហ្ស៊ីប…ជាដើម។

អាសេអានី ជាតំបន់មានការឆ្លងតិចជាងគេបំផុត នៅលើពិភពលោក ដោយមាន​អ្នកឆ្លងសរុប   43 854 នាក់ (ឆ្លងថ្មី៣៣២នាក់) ស្លាប់​១០០៩នាក់ (ស្លាប់ថ្មី៥នាក់) និងជាសះស្បើយ 32 984 នាក់។

សូមជម្រាបថា វីរុសកូរ៉ូណា ហៅកាត់ កូវីដ-១៩ (Coronavirus Disease 2019 = Covid-19) នេះ បានផ្ទុះឡើងជាលើកដំបូង នៅក្នុងទីក្រុងវូហាន (ចិនអាន៖ អ៊ូហាន) ខេត្តហ៊ូប៉ី នាភាគកណ្ដាល នៃប្រទេសចិន កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩។ រហូតមកដល់ពេល វីរុសនេះ កំពុងតែរាតត្បាលពាសពេញពិភលោក ដោយមានប្រទេស និងដែនដីចំនួន២១៨ មានការឆ្លងមេរោគនេះ៕

សូមអានខ្លឹមសារ នៃសេចក្ដីប្រកាស​ព័ត៌មានរបស់​ក្រសួង​សុខាភិបាល​កម្ពុជាទាំង​ស្រុង ដូចខាងក្រោម៖