ខេត្តសៀមរាប៖ បុរសម្នាក់ចង្រៃខុសគេ១ប្រទេស ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នាំទៅធ្វើការអប់រំ ក្រោយពីយកកូនសោគូសសរសេរឈ្មោះខ្លួនលើប្រាសាទអង្គរវត្ត ដែលមានក្បាច់រចនា នៅចំណុចរួតទី ១ ខាងលិចផ្លូវកណ្ដាលឡើងពីក្តាបែននៃតំបន់អង្គរ។

បុរសដែលចង្រៃខុសគេនេះ មានឈ្មោះជួន ជឿន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិត្រពាំងគល់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវកម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់ប្រាសាទអង្គរ បានសហការជាមួយភ្នាក់ងារអាជ្ញាធរជាតិអប្សរា ធ្វើការឃាត់ខ្លួននាំទៅអប់រំណែនាំ និងធ្វើកិច្ចសន្យាឈប់សកម្មភាព កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។

សមត្ថកិច្ច បញ្ជាក់ថា ជនចង្រៃនេះ បានយកកូនសោរទៅគូសសរសេរឈ្មោះខ្លួនឯង នៅលើជញ្ជាំងថ្មដែលមានក្បាច់ នៅចំណុចរួតទី ១ ខាងលិចផ្លូវកណ្ដាលឡើងពីក្តាបែន តែយ៉ាងណា ក្រោយពីធ្វើការអប់រំរួចសមត្ថកិច្ចបានអនុញ្ញាតឲ្យជននេះត្រឡប់ទៅវិញ៕