ខេត្តពោធិ៍សាត់ ៖ ក្រោយពីបានទទួលពាក្យបណ្ដឹងពីស្រ្តីជាម្តាយជនរងគ្រោះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកភ្នំក្រវាញ បានចុះទៅចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភសេពសន្ធវ:លើកុមារី អាយុក្រោម១៥ឆ្នាំ ២នាក់កាលពីវេលាម៉ោង១និង៥នាទីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ។

ជនសង្ស័យឈ្មោះយ័ន្ត គយ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិឃុំខាងលើ។ ចំណែកកុមារីរងគ្រោះទាំង២នាក់ ១ឈ្មោះអ ស អ អាយុ៧ឆ្នាំ ត្រូវជាកូនចុងរបស់ជនសង្ស័យ និង២ឈ្មោះឃ ស ខ ត្រូវជាចៅចុងរបស់ជនសង្ស័យ។

ក្នុងពាក្យបណ្ដឹងរបស់ស្រ្តីឈ្មោះ អ៊ូចផាត អាយុ២៨ឆ្នាំ ជាម្តាយជនរងគ្រោះបានឲ្យដឹងថា ចាប់ពីថ្ងៃទី១៥.១១.២០២០មក នៅចំណុចចំការក្រូចទន្លា ស្ថិតក្នុងភូមិវាលវង់ ឃុំរកាត ជនសង្ស័យបានចាប់កុមារីរងគ្រោះជាកូនចុងឈ្មោះអ ស អ អាយុ៧ឆ្នាំ រួមភេទបានសម្រេចជាជាច្រើនលើកមកហើយ។ បន្ទាប់មកទៀត ជនសង្ស័យក៏បានបន្តចាប់រំលោភកុមារីរងគ្រោះម្នាក់ទៀតជាចៅចុងទៀត រួមភេទបានសម្រេចជាច្រើនដងដូចគ្នាផងដែរ។

ស្រ្តីជាម្តាយជនរងគ្រោះបានឲ្យដឹងទៀតថា រាល់ពេលចាប់កុមារីរងគ្រោះទាំងពីរនាក់រួមភេទម្ដងៗរួច ជនសង្ស័យតែងតែគំរាមកុមារីទាំងពីរនាក់ថាកុំឲ្យយករឿងនេះទៅនិយាយប្រាប់គេឯងដឹងឲ្យសោះ បើមិនដូចនេះទេ ជនសង្ស័យនឹងសម្លាប់កុមារីទាំងពីរចោល ។ ដោយកុមារីទាំងពីរមានការភ័យខ្លាច រឿងនេះក៏ស្ងាត់ឈឹង រហូតគាត់ជាម្តាយមានមន្ទិលសង្ស័យក៏ជជីកសួរកូន និងចៅរបស់គាត់ ទើបបែករឿងពិត គាត់ក៏ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍តែម្តង ហើយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកភ្នំក្រវាញ បានសុំគោលការណ៍ពីព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ចាប់ខ្លួនជនសង្ស័យយកមកកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕