សៀមរាប៖ ជនសង្ស័យម្នាក់ បានយកពូថៅទៅកាប់ជនរងគ្រោះ បណ្ដាលឲ្យស្លាប់ រួចចង.ក សម្លាប់ខ្លួនឯងតាមក្រោយ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិក្បាលដំរី ឃុំពង្រលើ ស្រុកជីក្រែង។

ជនសង្ស័យឈ្មោះ ជី គា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំ។ ចំណែក ជនរងគ្រោះ ឈ្មោះ ឃុន រុន ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា ។

បើតាមលោក គង់ អឿន អធិការរងស្រុកជីក្រែង បានឲ្យដឹងថា មុនកើតហេតុ នៅសុខៗ ជនសង្ស័យ បានយកពូថៅកាប់ទៅលើជនរងគ្រោះ កំពុងដេកលក់ចំនួន២ពូថៅ ចំគល់ថ្គាមខាងឆ្វេង១ពូថៅ កញ្ចឹងក ផ្នែកខាងក្រោយ១ពូថៅ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។

តាមការបំភ្លឺរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ បានឱ្យដឹងថា៖ « ជនល្មើសខាងលើជាមនុស្សវិកលចរិត សតិមិនគ្រប់គ្រាន់។ ក្រោយពីធ្វើសកម្មភាពរួច ជនល្មើសបានរត់ទៅចង.ក សម្លាប់ខ្លួនក្នុងបន្ទប់ទឹកក្នុងវត្តក្បាលដំរី ភូមិក្បាលដំរី បណ្តាលឲ្យស្លាប់ ។

ក្រោយពេលកើតហេតុ សពទាំងពីរបានប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យទាំតាមប្រពៃណីរៀងៗខ្លួន។ រីឯរឿងរ៉ាវយ៉ាងណានោះសមត្ថកិច្ចព្រហ្មទណ្ឌ កំពុងត្រួតពិនិត្យបន្តទៀត៕