រាជធានីភ្នំពេញ ៖ រថយន្តម៉ាកតូយ៉ួតា ១គ្រឿង ពណ៌ស បើកបរក្នុងល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុកបង្កាន់ដៃស្ពានយ៉ាងពេញទំហឹង បណ្ដាលឲ្យក្រឡាប់ បង្កជាអគ្គិភ័យឆាបឆេះ សន្ធោសន្ធៅសល់តែគ្រោងឆ្អឹងដែក ទុកឲ្យម្ចាស់ថ្លឹងលក់ឲ្យអេតចាយ ។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ កាលពីវេលាម៉ោង២២ និង៥៤នាទីយប់ នៅថ្ងៃ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ។

មន្ត្រីនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ម្ចាស់រថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនក្រោយពីមានហេតុការណ៍កើតឡើង ) ។ ចំណែករថយន្តដែលត្រូវភ្លើងឆេះហ្មត់ ម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ២BF-៤១៨៤ អស់ទាំងស្រុង និងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។ ក្នុងហេតុការណ៍នេះពុំបណ្ដាលឲ្យ មានមនុស្សស្លាប់ និងរបួសឡើយ ។

ក្នុងប្រតិបត្តិការណ៍នេះ ប្រើប្រាស់រថយន្តការិល័យពន្លត់អគ្គិភ័យរាជធានីភ្នំពេញ ចំនួន១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន០១ស្មើនឹង៤ ម៉ែត្រគូប ។ ពន្លត់ចប់ នៅម៉ោង២៣ និង៣០នាទីយប់នាថៃ្ងខែឆាំ្នដដែល ៕