ខេត្តកោះកុង ៖ រថយន្តសណ្តោងរ៉ឺម៉កដឹកទូកុងតឺន័រ១គ្រឿង ខណៈដែលបើកចុះចំណោត ខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតចូលទៅបុកពីមុខរថយន្តសាំងយ៉ុង១គ្រឿង ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង៨ និង២០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិ៤៨ ចន្លោះគីឡូម៉ែត្រលេខ ៩៧-៩៨ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទសណ្តោងរ៉ឺម៉ក ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ៣C-៥៥៤៣ និងរ៉ឺម៉កសណ្តោងពាក់ស្លាកលេខ ភ្នំពេញ ៤A-២៨៣៦ អ្នកបើកមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់) ទិសដៅពីភ្នំពេញទៅកោះកុង។ លុះមកដល់ចំណុចកើតហេតុ ខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុករថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ កោះកុង ២B-៨៥៨៧ (ទិសដៅពីកោះកុងទៅកំពត) យ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរដោយឈ្មោះ តឹប លេស ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិ4 សង្កាត់ដងទង ក្រុងខេមរភូមិន្ទ (រងរបួសស្រាល) និងអ្នករួមដំណើរឈ្មោះ កែវ សុខា ភេទស្រី អាយុ៦២ឆ្នាំ ទីលំនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ (របួសធ្ងន់) ។

ប្រភពបន្តថា ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ជួយចាត់ចែងបញ្ជូនជនរងគ្រោះ ត្រូវបញ្ជូនតាមរថយន្តសង្គ្រោះទៅមណ្ឌលសុខភាពត្រពាំងរូង។ បន្ទាប់មក ទើបធ្វើការវាស់វែងយកយានយន្តពាក់ព័ន្ធទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕