ខេត្តព្រៃវែង+ខេត្តកណ្តាល ៖ ក្រោយពីបាត់សកម្មភាពប៉ុន្មានឆ្នាំ គេឃើញមានក្រុមសាឡង់ខ្នាតយក្សវៀតណាមជាច្រើនគ្រឿង បាន និងកំពុងសំរុកមកបូមខ្សាច់យ៉ាងគគ្រឹងគគ្រេង នៅទន្លេមេគង្គក្រោម ខាងក្រោយផ្ទះរបស់ប្រជាពលរដ្ឋ យកទៅប្រទេសវៀតណាម ជារៀងរាល់ថ្ងៃ។

មន្ត្រីតូចតាចនៅក្នុងមូលដ្ឋានឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល និងនៅឃុំស្វាយភ្លោះ ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង បានឱ្យដឹងថា បានលួចបង្ហើបប្រាប់ថា សាឡង់បូមខ្សាច់ធំៗទាំងនោះ គឺជារបស់ក្រុមហ៊ុន «ចតុមុខ រីសសស៍សឹបផ្លាយ អ៊ីមផត អិចផត ឯ.ក» ដែលគេទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មខ្សាច់ នៅលើទំហំផ្ទៃទឹកជិត១ពាន់ហិកតារ តាមបណ្តោយដងទន្លេមេគង្គ ដែលមួយផ្នែកស្ថិតនៅខាងស្រុកលើកដែក ខេត្តកណ្តាល និងមួយផ្នែកទៀតស្ថិតនៅខាងស្រុកពាមជរ ខេត្តព្រៃវែង។

ប្រភពដដែលនេះបានឱ្យដឹងទៀតថា នៅក្នុងអាជ្ញាប័ណ្ណនោះ បានអនុញ្ញាតិឱ្យក្រុមហ៊ុន «ចតុមុខ រីសសស៌សឹបផ្លាយ អ៊ីមផតអិចផត» ធ្វើអាជីវកម្មបូមខ្សាច់សំរាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ហើយលុះត្រាតែសល់ពីការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទើបអនុញ្ញាតឱ្យធ្វើការនាំចេញទៅក្រៅប្រទេស។

ប៉ុន្តែចាប់តាំងពីក្រុមហ៊ុននេះ ចេញធ្វើសកម្មភាពបូមខ្សាច់កាលពីថ្ងៃទី១៧ ខេវិច្ឆិកា រហូតមកដល់ពេលនេះ ខ្សាច់ដែលបូមបានទាំងអស់ គឺពុំបានយកទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុកទេ គឺគេបានដឹកចេញទៅវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរ ទាំងអស់ ដោយតម្លៃខ្សាច់លក់ចេញទៅប្រទេសវៀតណាម បាន៨ដុល្លារក្នុង១ម៉ែត្រគូប ហើយក្នុងសាឡង់១គ្រឿងដឹកខ្សាច់បានចន្លោះពី១៩០០ម៉ែត្រគូប ទៅ២០០០ម៉ែត្រគូប ហើយក្នុង១ថ្ងៃគេនាំខ្សាច់ចេញទៅវៀតណាម បានពី៥ទៅ៦សាឡង់ ។

យោងតាមរបាយការណ៍របស់ The Science Times បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Southampton បានរកឃើញថា ការបូមខ្សាច់គឺជាមូលហេតុចម្បងនៃអស្ថិរភាពនៅតាមដងទន្លេមេគង្គ ដែលអាចនឹងនាំឱ្យមានការដួលរលំហេដ្ឋារចនាសម្ព័ន្ធតាមដងទន្លេ។
របាយការណ៍ដដែល ក៏បានលើកឡើងថាក្នុងចំណោមប្រទេសទាំងអស់ដែលទន្លេមេគង្គហូរកាត់ ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមានជង្រុកខ្សាច់នៅបាតទន្លេច្រើនជាងគេ ហើយក៏មានសកម្មភាពបូមខ្សាច់ច្រើនខ្លាំងណាស់ដែរ។

តាមរយៈការប្រើបច្ចេកវិទ្យាសូណារ (Sonar) ដែលជាបច្ចេកទេសប្រើការបញ្ជូនសញ្ញាជាសំឡេងដើម្បីវាស់ការរុករកវត្ថុនៅក្រោមផ្ទៃទឹក អ្នកស្រាវជ្រាវបានរកឃើញថា នៅបាតទន្លេមេគង្គ មានប្រហោងធំៗ ជាច្រើន ហើយជាមធ្យមមានប្រវែងប្រហែល ៤២ ម៉ែត្រនិងជម្រៅ ៨ ម៉ែត្រ ដែលនេះគឺកើតឡើងដោយការបូមខ្សាច់គ្មាននិរន្តរភាព។

ក្រុមអ្នកស្រាវជ្រាវ បានបន្តទៀតថា បរិមាណនៃការបូមខ្សាច់នាពេលបច្ចុប្បន្ន គឺមានទំហំចន្លោះពី ៥ ទៅ ៩ ដងច្រើនជាង អត្រាដែលខ្សាច់អាចកកើតឡើងវិញដោយធម្មជាតិ ដែលនេះជាកត្តាដែលអាចនាំឱ្យមានហានិភ័យខ្ពស់នៃការបាក់ច្រាំងទន្លេ។

លើសពីនេះទៀតតាមរយៈ ការស្កេនឡាស៊ែរដី (Terrestrial Laser Scanning) សាស្រ្តាចារ្យ Julian Leyland ក៏បានបញ្ជាក់ផងដែរថា ការស្រុតចុះនៃបាតទន្លេត្រឹមតែ ២ ម៉ែត្រប៉ុណ្ណោះ គឺអាចបណ្តាលឱ្យបាក់ច្រាំងទន្លេបាន ប៉ុន្តែការបូមខ្សាច់នាពេលបច្ចុប្បន្នគឺមានជម្រៅដល់ជាង ៨ ម៉ែត្រ ដែលនេះគឺជាការបង្កគ្រោះថ្នាក់ខ្លាំងបំផុត៕