រាជធានីភ្នំពេញ៖ នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀង សួនហ្វុក បានសរសេរសារលិខិតសួរសុខទុក្ខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយសម្តែងការព្រួយបារម្ភចំពោះ គ្រោះទឹកជំនន់នៅក្នុងប្រទេសកម្ពុជា។

យោងតាមលិខិតរបស់នាយករដ្ឋមន្រ្តី វៀតណាម បញ្ជាក់ថា “ខ្ញុំមានក្តីព្រួយចិត្ត និងបារម្ភយ៉ាងខ្លាំងនាពេលទទួលបានដំណឹងថា ការអូសអន្លាយនៃភ្លៀងខ្លាំងបានធ្វើឱ្យខេត្ត-ក្រុងជាច្រើនរបស់ប្រទេសកម្ពុជា រងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ បង្កជន់លិច និងការខូចខាតធ្ងន់ដល់មនុស្ស និងទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជា “។

ក្នុងលិខិតដដែល លោកនាយករដ្ឋមន្រ្តីវៀតណាម មានក្តីជឿជាក់ម៉ុតមាំថា ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ខ្ពស់ពី សម្តេចតេជោ នាយករដ្ឋមន្រ្តី ប្រជាជនកម្ពុជា នឹងជម្នះលើការលំបាកទាំងនេះ និងរកជីវភាពប្រក្រតីឡើងវិញ នាពេលឆាប់ៗដ៏ខ្លីខាងមុខ៕