រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន២នាក់ថែមទៀតលើបុរសជនជាតិខែ្មរ ។

បុរសជនជាតិខ្មែរដែលឆ្លងជំងឺកូវីដ-១៩ ម្នាក់មានអាយុ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល និងម្នាក់ទៀតមានអាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកបាកាន ខេត្តពោធិ៍សាត់។ បុរសទាំងពីរនាក់នេះ បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ពួកគាត់ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺទាំងពីរនាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមបញ្ជាក់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺទាំង២ សរុបមានចំនួន៣៩នាក់ (ស្រី០៧នាក់) ដែលក្នុងចំនួននេះ មានអ្នកជំងឺ ០២នាក់ខាងលើនេះផងដែរ។ រីឯអ្នកដំណើរចំនួន៣៧នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ នោះត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅវិទ្យាល័យពោចិនតុង ចំនួន១១នាក់ និងសណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញចំនួន ២៨នាក់៕