រាជធានីភ្នំពេញ ៖ រឿងរ៉ាវដ៏រសើបរបស់ស្រីស្អាត ប្រាក់ ស៊ីណា និងឪពុកឈ្មោះ ប្រាក់ ផាន ត្រូវជាស្រ្តីជាប្រពន្ធដើមនិងម្ចាស់បំណុល ប្តឹងឡើងតុលាការ ហើយចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នលេខ ៣៨២ ស ដ រ នូវទ្រព្យសម្បតិ្តនានាប្រមាណជាង៤លានដុល្លារ ហើយបានចុះអនុវត្តដីកាសម្រេច កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្ទះវីឡា ២កន្លែងស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

យោងតាមសេចក្តីសម្រេចរបស់តុលាការ គឺឲ្យផ្អាកជាបណ្តោះអាសន្ន ក្នុងការប្តឹងទាមទារបស់ម្ចាស់បំណុល ជនជាតិខ្មែរ ដែលត្រូវបានចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេច លេខ ៣៨២ ស ដ រ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ដែលមានន័យដូចខាងក្រោម ៖

១-ហាមមិនឲ្យសហកូនបំណុលធ្វើការលក់ ជួល បញ្ចាំ ដាក់ធានា ដាក់ហ៊ឺប៉ូតែក ធ្វើអំណោយ អច្ច័យទាន ប្រទានកម្ម ឈូសឆាយ សាងសង់សំណង់ផ្សេងៗ និងការទាំងឡាយនៅលើដីមានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ លេខ ១២០៩០២០៨-១៦៦១ ចុះថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៩ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ មានទីតាំងនៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លេខ ១២០៥០៥០៨-០៦៦៥ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០៧ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ មានទីតាំងនៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លេខ ១២០៩០២២១-១២៧៨ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ មានទីតាំងនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លេខ ១២០៥០៥២១-០៤៣៤ ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ មានទីតាំងនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

២-បង្គាប់ឲ្យសហចុងចម្លើយចាកចេញ និងហាមមិនឲ្យសហកូនបំណុលស្នាក់នៅក្នុងផ្ទះវីឡាចំនួន ពីរដែលបានសាងសង់លើដីមានវិញ្ញាបនបត្រ លេខ ១២០៩០២០៨-១៦៦១ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ មានទីតាំងនៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លេខ ១២០៥០៥០៨-០៦៦៥ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០៧ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ មានទីតាំងនៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

៣- រឹបអូសរថយន្ត១គ្រៀងម៉ាក LEXUS 570 ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 2AX-5057 រក្សាទុកជាបណ្តោះអាសន្ន។
៤-ប្រាក់ប្រដាប់ក្តីជាបន្ទុករបស់សហកូនបំណុល ។ សហកូនបំណុលអាចដាក់ពាក្យតវ៉ា តាមបញ្ញាតិមាត្រា ៥៥០ នៃក្រមនីតិវិធីរដ្ឋប្បវេណី។
សូមបញ្ជាក់ថា រឿងរ៉ាវស្នេហាត្រីកោណ (យកប្តីគេ) នេះ ត្រូវបែកធ្លាយ ក្រោយស្រ្តីជាប្រពន្ធដើមបានដឹងថា ប្តីដែលរៀបការពេញច្បាប់របស់ខ្លួនប្រើគ្រប់មធ្យោបាយដកប្រាក់សុទ្ធ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនយ៉ាងច្រើនសរុបរហូតដល់ ៤ ៦២៨ ៦៨៨ ដុល្លារសហរដ្ឋអាមេរិក យកទៅទិញដី ទិញផ្ទះ ទិញឡានផ្គាប់ចិត្តស្រីកំណាន់ ឈ្មោះប្រាក់ ស៊ីណា និងឪពុកក្មេក ប្រាក់ ផាន។

ប្រភពមួយទៀត បង្ហើបឲ្យដឹងថា លោក ប្រាក់ ផាន ជាអតីតកម្មករកំពង់ផែ រីឯកូនស្រី ប្រាក់ ស៊ីណា អតីតបុគ្គលិកនៃកន្លែងវាយកូនហ្គោលមួយកន្លែង ក៏មិនមែនមនុស្សធម្មតាដែរ ព្រោះថ្ងៃដែលអាជ្ញាសាលាចុះអនុវត្តដីកា ក៏ឃើញមានទាក់ទងរកអន្តរាគមន៍ព្រោងព្រាតផងដែរ តែដោយសារឃើញមានសមត្ថកិច្ចនិងអ្នកសារព័ត៌មានច្រើនពេក ក៏សុខចិត្តដកថយមួយជំហានសិន។

ជុំវិញនឹងករណីនេះ «KBN» មិនអាចសុំការបកស្រាយពី លោក ប្រាក់ ផាន និងកូនស្រីឈ្មោះ ប្រាក់ ស៊ីណា តែយ៉ាងណា យើងនឹងរង់ការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕