រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺជុំវិញករណីស្ត្រីជនជាតិចិនម្នាក់ ដែលអូសវ៉ាលិស ហើយដើរស្រែកយំតាមផ្លូវ ត្រូវសារព័ត៌មានមួយចំនួនបានចុះផ្សាយថា នាងត្រូវបានចោរឆក់ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ គឺជាព័ត៌មានមិនពិត ។

បន្ទាប់ពីធ្វើការសហការស្រាវជ្រាវរវាងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ការិយាល័យអនុវត្តនីតិវិធីនៃផែនកអន្តោប្រវេសន៍ ជាមួយនាយកដ្ឋានព្រហ្មទណ្ឌ អស់រយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចបានរកឃើញស្ត្រីជនជាតិចិនឈ្មោះ ZHAO YUNYAN ហើយបាននាំយកមកធ្វើការសាកសួរ និងបំភ្លឺចំពោះករណីដែលគាត់បានលើកឡើងថា មានករណីចោរឆក់ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ក្រោយពីធ្វើការសាកសួរ ស្ត្រីរូបនេះបានសារភាពថា មិនមានករណីឆក់កើតឡើងមកលើរូបនាងនោះទេ ដោយសារតែគាត់ចង់បានលុយ ដើម្បីត្រឡប់ទៅប្រទេសចិនវិញ ទើបប្រឌិតរឿងនេះឡើង ។ ម្យ៉ាងវិញទៀតដោយមានការសង្ស័យថា ស្ត្រីរូបនេះប្រើប្រាស់សារធាតុញៀន មន្ត្រីជំនាញ បានធ្វើតេស្តស្ត្រីជនជាតិចិនរូបនេះ ជាលទ្ធផលបានបង្ហាញថាគាត់ពិតជាបានប្រេីប្រាស់សារធាតុញៀនពិតប្រាកដមែន ។

ពេលនេះសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងប៉ុស្តិ៍នគរបាលរដ្ឋចតុមុខ នៃអធិការដ្ឋាននគបាលខណ្ឌដូនពេញ កំពុងរៀបចំឯកសារបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសុំគោលការណ៍ពីថ្នាក់ដឹកនាំត្រៀមបណ្តេញចេញពីប្រទេសកម្ពុជា ៕