ខេត្តស្ទឹងត្រែង៖ អ្នកយកព័ត៌មាន០២នាក់ បានដាក់ពាក្យប្ដឹងម្ចាស់ទីតាំងបនល្បែងដ៏ធំមួយកន្លែង នៅក្រុងស្ទឹងត្រែង រួមនិងបក្ខពួកពីបទហិង្សាដោយចេតនា វាយប្លន់យកទូរស័ព្ទដៃអស់៤គ្រឿង ហើយជនរងគ្រោះទាមទារសំណងជំងឺចិត្តចំនួន៤០.០០០ដុល្លារ ។

ជនរងគ្រោះទី១ឈ្មោះ ជា ទូច ភេទប្រុស អាយុ៣៥ឆ្នាំ ចាងហ្វាងគេហទំព័រភ្នែកម្នាស់PNM មានទីលំនៅឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ របួសស្រាល និងបាត់បង់ទូរស័ព្ទ៣គ្រឿង។ ជនរងគ្រោះទី២ឈ្មោះ វុធ សុភ័ក្រ ភេទប្រុស អាយុ៣៣ឆ្នាំ ភ្នាក់ងារព័ត៌មានកូនខ្មែរម្ចាស់ប្រទេស មានទីលំនៅឃុំអូរគ្រឿង ស្រុកសំបូរ ខេត្តក្រចេះ។ របួសធ្ងន់ និងបាត់បង់ទូរស័ព្ទដៃ១គ្រឿងផងដែរ។ ចំណែកម្ចាស់សង្វៀនឈ្មោះ តៃ ប៊ុងគួង ហៅកង ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ ទីតាំងបនល្បែងដ៏ធំនោះ ស្ថិតនៅជិតផ្លូវបំបែកគីឡូ៤ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។

ជនរងគ្រោះបានឱ្យដឹងនៅល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ថា៖ មុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី២៥ ខែតុលា ពួកខ្លួនទាំង២នាក់ បានជិៈរថយន្ត១គ្រឿង ចុះទៅយកព័ត៌មាននៅចំណុចទីតាំងបនល្បែងខាងលើ ។ លុះមកដល់ ក៍ឃើញក្រុមអ្នកញៀនល្បែងកំពុងលេងល្បែងភ្នាល់ហ៊ោរកញ្ច្រៀវ ឡើងទ្រហឹងអឺងកង។ ភ្លាមនោះពួកខ្លួនបានរាយការណ៍ទៅលោកស្នងការខេត្ត ប៉ុន្តែច្រើនម៉ោងហើយមិនមានសមត្ថកិច្ចចុះបង្ក្រាប ទើបពួកខ្លួនចូលទៅដល់ជិតវង់ល្បែងនោះ ធ្វើឱ្យម្ចាស់ទីតាំងនិងក្រុមអ្នកញៀនល្បែង ក្ដៅក្រហាយ នាំគ្នាកាន់ដំបងមែកស្វាយចន្ទី មកព្រួតគ្នាវ៉ៃទៅលើពួកខ្លួនទាំង២នាក់ បណ្ដាលឱ្យរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ និងបាត់ទូរស័ព្ទ៤គ្រឿងមក ។

ក្រោយពេលកើតហេតុ ពួកខ្លួនបានមកដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទី២៥ ខែតុលា ប៉ុន្តែពុំមានអ្នកទទួលបណ្ដឹងឡើយ ហើយមន្ត្រីនៅទីនោះបានដេញពួកខ្លួនឱ្យទៅប្ដឹងនៅអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង វិញ។

ពេលមកដល់អធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង អត់មានអ្នកទទួលពាក្យបណ្ដឹងទៀត ហើយមន្ត្រីនៅទីនោះបានដេញពួកខ្លួនឱ្យទៅប្ដឹងនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង វិញ។ បន្ទាប់មកទៀត ពួកខ្លួនបានទៅប្ដឹងនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ទៀត។ ស្រាប់តែមន្ត្រីនៅទីនោះ ដេញអោយទៅប្ដឹងនៅទីបញ្ជាការកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង វិញ! ។

អ្នកកាសែតរងគ្រោះទាំង២នាក់ បានត្អូញត្អែរថា ពួកខ្លួនពិតជាហួសចិត្តជាខ្លាំងចំពោះអាជ្ញាធរ និងសមត្ថកិច្ចក្រុង និងខេត្តស្ទឹងត្រែង នេះណាស់… ហាក់បីដូចជាត្រូវគ្នាជាប្រព័ន្ធជាមួយម្ចាស់ទីតាំងបនល្បែង និងក្រុមអ្នកញៀនល្បែងដែលជាអ្នកបង្កហេតុនោះ។

ទើបនៅល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ជនរងគ្រោះ បានសម្រេចមកដាក់ពាក្យប្ដឹងនៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដោយទាមទារសំណងជំងឺចិត្តចំនួន៤០.០០០ដុល្លារ។

ករណីនេះ លោកឈូក កុម៉ល់ អធិការក្រុងស្ទឹងត្រែង បានបញ្ជាក់ថា៖ មិនមែន មិនទទួលបណ្ដឹងទេ គឺពួកគាត់មកប្ដឹងចំពេលកឋិនឯកឧត្ដមអភិបាលខេត្ត កំលាំងចេញទៅត្រៀមការពារអស់ ហើយសមត្ថកិច្ចប្រាប់ថា ទៅពេទ្យសិនទៅ ចាំព្រឹកបានមកប្ដឹងម្ដងទៀត ស្រាប់តែពួកគាត់ទៅបាត់រហូត មិនឃើញមកប្ដឹងវិញ។

ករណីនេះ សង្ឃឹមថា៖ អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង នឹងបើកការស្រាវជ្រាវ និងឈានដល់ចាប់ខ្លួនក្រុមជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់ជាមិនខាន៕