ភ្នំពេញ ៖ បុរសម្នាក់បានមកលោតទឹកពីលើស្ពានជ្រោយចង្វារ ដើម្បីសម្លាប់ខ្លួនឯង តែសំណាងល្អត្រូវបានអ្នកនេសាទត្រីជួយសង្គ្រោះទាន់។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ។

ជនរងគ្រោះឈ្មោះនុត ចាន់ឌឿន អាយុ៣៣ឆ្នាំ រស់នៅផ្ទះលេខ៣១ អីសូន្យហ្សិត ផ្លូវលេខ២៤៧ ភូមិ១៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

មុនពេលកើតហេតុ គេឃើញបុរសខាងលើបានបើកម៉ូតូមកឈប់លើស្ពានជ្រោយចង្វារ ដោយមិនដឹងថាគាត់មានបញ្ហាអី្វនោះទេ ស្រាប់តែឃើញលោតទឹកពីលើស្ពានសម្លាប់ខ្លួនតែម្ដង ដោយបានបន្សល់ទុកម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រីម C125 ស៊េរីឆ្នាំ 2013 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BV-0052 ជាមួយ និងអាវសំណង់ការដ្ឋានដែលដាក់ថា (ការិ-អគ្គិភ័យបំភ្លឺសាធារណៈ និងភ្លើងសញ្ញាចរាចរណ៍ ) នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ។ ប៉ុន្តែបន្តិចក្រោយមក ក៏ឃើញអណ្ដែតឡើងវិញ ក៏ត្រូវបានអ្នកនេសាទចេញទូកមកជួយស្រង់ឡើងមកលើគោកវិញ ហើយត្រូវបានកម្លាំងសមត្ថកិច្ចយកទៅប៉ុស្តិ៍ជ្រោយចង្វារ ធ្វើការណែនាំ រួចស្វែងរកសាច់ញាតិដើម្បីឱ្យមកយកបុរសខាងលើទៅគេហដ្ឋានវិញ។

ករណីនេះ ជនរងគ្រោះមិនបានបញ្ជាក់ពីមូលហេតុ ដែលខ្លួនគិតខ្លីមកលោតទឹកពីលើស្ពានជ្រោយចង្វារ ដើម្បីសម្លាប់ខ្លួនឯងបែបនេះទេ ។ ប៉ុន្តែ មកលោតទឹកសម្លាប់ខ្លួន គ្មានស្ដាយជីវិតបែបនេះ កុំថាគ្មានបញ្ហា…៕