ខេត្តសៀមរាប ៖ ដើមឈើទាល១ដើម ដែលមានមុខកាត់១០០ស.ម និងកម្ពស់ប្រហែល៤០ម៉ែត្រ ដែលកំពុងមានហានិភ័យខ្ពស់មកលើប្រាង្គប្រាសាទបន្ទាយស្រី ត្រូវក្រុមការងារនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ធ្វើការកាត់ដកហូត ព្រោះវាមានលក្ខណៈទ្រេតខ្លាំងទៅលើកំពែង និងថ្មចម្លាក់ សណ្ឋានដីជ្រាយ និងមានប្រព័ន្ធឫសខ្សោយ។

សូមបញ្ជាក់ថា ដើមឈើទាលនោះនៅកៀកនឹងប្រាសាទ និងមានកម្ពស់ខ្ពស់ផង មិនអំណោយផលដល់រថយន្តស្ទូច ដើម្បីចូលទៅកាត់ ដែលតម្រូវឲ្យក្រុមការងារត្រូវប្រើប្រាស់រន្ទាដែកជំនួសវិញ ជាហេតុត្រូវប្រើពេលវេលាយូរបន្តិចក្នុងការដំឡើង ប៉ុន្តែផ្តល់សុវត្ថិភាពខ្ពស់ចំពោះប្រាសាទផង និងមនុស្សផង។

ក្រៅពីដើមឈើទាលមួយដើមនេះ ក្រុមការងារក៏បានសិក្សាពីហានិភ័យដើមឈើផ្សេងទៀត ស្ថិតក្នុង និងក្រៅបរិវេណប្រាសាទបន្ទាយស្រី ដែលអាចនឹងបង្កគ្រោះថ្នាក់ដល់ប្រាសាទ និងមនុស្ស និងបានរៀបចំជាផែនទីហានិភ័យដើមឈើរួចហើយ ដែលក្នុងនោះមានដើមឈើសរុបចំនួន៥០ដើម ដោយចែកចេញជា៣កម្រិតហានិភ័យគឺ៖ ហានិភ័យខ្លាំងមានចំនួន១០ដើម(ត្រូវកាត់ដកហូតចេញ) ហានិភ័យមធ្យមចំនួន៣០ដើម(កាត់ក្រីមែកខ្លះ) និងហានិភ័យខ្សោយចំនួន១០ដើម(កាត់ក្រីមែកខ្លះ)។

ជាវិធានការ ដើម្បីបង្ការហានិភ័យដើមឈើទាំងអស់នេះមកលើប្រាសាទបន្ទាយស្រី អាជ្ញាធរជាតិអប្សរា នឹងដាក់ជូនសុំយោបល់ពីអ្នកជំនាញ នៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ(ICC-Angkor) ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍បន្តទៀត ដើម្បីការងារនេះអនុវត្តបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕