ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលស្រុកមុខកំពូល បើកប្រតិបត្តិការចុះបង្ក្រាបមុខសញ្ញាចាស់ជាចោរមានអាវុធខ្លី តែត្រូវជនសង្ស័យបើករថយន្ត បំបុករថយន្តរបស់លោកអធិការស្រុកមុខកំពូល ទើបសមត្ថកិច្ចបាញ់បំបែកកង់រថយន្តរបស់ជនសង្ស័យខាងក្រោយ បណ្ដាលឱ្យផ្លាតគ្រាប់ត្រូវជនសង្ស័យឱ្យរងរបួស។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃចន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ជនសង្ស័យឈ្មោះ ទូច ប៊ុនហាន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ការឃាត់ខ្លួនជនសង្ស័យនេះ អនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ១៤១៦ ឈដចន ចុះថ្ងៃទី២៦.១០.២០២០ របស់លោកឯក ប៉ូលីហ្វីល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យចាប់ខ្លួនខ្លួនជនសង្ស័យខាងលើ ពីបទលួចមានស្ថានទម្ងន់ទោស (កាច់កម៉ូតូប្រដាប់អាវុធ)។

វេលាម៉ោង១១និង៣០នាទីថ្ងៃទី២៦ ខែតុលា កម្លាំងចម្រុះចុះមកដល់មុខផ្ទះរបស់ឈ្មោះយន ប៊ុនថុង ភូមិវត្តថ្មី ឃុំព្រែកដំបង ជាទីដែលជនសង្ស័យកំពុងលាក់ខ្លួននៅទីនោះ។ ឃើញបែបនេះ ជនសង្ស័យក៏បានបើករថយន្តម៉ាកLexus RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AN-5705 ដើម្បីរត់គេចខ្លួន ដោយបានបើករថយន្តបំបុករថយន្តរបស់លោកអធិការស្រុកមុខកំពូល ម៉ាកកាមរី បាឡែន ពេលនោះសមត្ថកិច្ចក៏បានបាញ់បំបែកកង់រថយន្តរបស់ជនសង្ស័យខាងក្រោយ ហើយក៏ផ្លាតគ្រាប់ត្រូវជនសង្ស័យ បណ្ដាលឱ្យរងរបួស និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី រាជធានីភ្នំពេញ។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បក្ខពួករបស់ជនសង្ស័យឈ្មោះ ទូច ប៊ុនហាន នេះម្នាក់ ឈ្មោះ ពេជ្រ ធា ហៅ ពែ ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅភូមិយស ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ឃាត់ខ្លួន បាននៅខេត្តព្រៃវែង ផងដែរ៕