ខេត្តបាត់ដំបង៖ បុរសម្នាក់ បានឲ្យកូនស្រីអាយុ៦ឆ្នាំជិះក ហើយដើររាយមង ដើម្បីយកត្រីមកធ្វើម្ហូប តែអកុសល បានធ្លាក់ជើងទៅកន្លែងមានទឹកជ្រៅ បណ្តាលឲ្យលង់ទឹកស្លាប់ទាំងឪពុកនិងកូនយ៉ាងអាណោចអាធ័ម ធ្វើឲ្យស្រ្តីជាប្រពន្ធយំសោកបោកខ្លួនដូចសត្វអក។

ករណីជនរងគ្រោះឪពុកកូនលង់ទឹកស្លាប់នេះ បានកើតឡើង កាលពីវេលាម៉ោង២១ និង៣៤នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅចំណុចប្រឡាយតាពេក ក្នុងភូមិដង្កោ ឃុំល្វា ស្រុកបវេល។

ជនរងគ្រោះ ឈ្មោះឆាន ឆាត ភេទប្រុស អាយុ៤៧ឆ្នាំ ជាឪពុក ចំណែក កូនស្រីមានឈ្មោះឆាត សុខណា អាយុ៦ឆ្នាំ រស់នៅភូមិបឹងសំរោង ឃុំល្វា ស្រុកបវេល ជាមួយគ្នា។

បុរសឈ្មោះឈ្មោះគីម សីហា អាយុ៣២ឆ្នាំ ជាអ្នកជិតខាង បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានបើកគោយន្ត ដោយមានគ្នា៤នាក់ នោះមានជនរងគ្រោះឪកូនទៅដាក់មង និងដាក់លាន់នៅចំណុចប្រឡាយកើតហេតុ ។ ពេលទៅដល់ជនរងគ្រោះបានយកមង និងឲ្យកូនស្រីជិះកស្មា រួចដើរចេញទៅរកកន្លែងដាក់មងរៀងៗខ្លួន។ រហូតដល់ម៉ោង១៦ និង៣០នាទី ខ្លួនក៏បានបើកគោយន្តត្រឡប់មកផ្ទះវិញ ព្រោះមិនឃើញជនរងគ្រោះនៅកន្លែងដាក់មង ដោយគិតថា ពួកគេនាំគ្នាមកផ្ទះមុន។ លុះរូបគាត់មកដល់ផ្ទះ ស្រាប់តែប្រពន្ធជនរងគ្រោះ សួរថា មានឃើញប្ដីនិងកូនស្រីគាត់ទេ? ទើបបង្កការភ្ញាក់ផ្អើលឡើងទៅជួយរក ក៏ប្រទះឃើញជនរងគ្រោះទាំង២នាក់ឪកូន ដោយមានមងរុំពាត់ខ្លួន ដៃនិងក ជនរងគ្រោះ ហើយក៏ស្រង់សពជនរងគ្រោះយកមកផ្ទះ និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

សមត្ថកិច្ច បានឲ្យដឹងថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនិងលោកគ្រូពេទ្យ បានទៅពិនិត្យ និងធ្វើកោសល្យវិច័យ សពជនរងគ្រោះ រួចបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ ពិតជាបានលង់ទឹកស្លាប់ ពិតប្រាកដមែន មិនមានពាក់ព័ន្ធនឹងករណីអ្វីផ្សេងទេ រួចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណីទាំងក្តីសោកសង្វេគជាពន់ពេក៕