រាជធានីភ្នំពេញ÷ យោងតាម មន្ទីរបរិស្ថានខេត្ត ស្ទឹងត្រែងបានឲ្យដឹងថា ពីថ្ងៃទី ២០ ដល់ថ្ងៃទី២៦ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្នាក់ការរងស្ពង់ បានចុះល្បាតក្នុងដែនជម្រក សត្វព្រៃ-ព្រៃឡង់ ភូមិសាស្រ្តខេត្តស្ទឹងត្រែង ដល់ចំណុចខាងកើតអូរដំណាក់ស្រឡៅ បានជួបប្រទះការកាប់រានព្រៃថ្មី ទំហំប្រមាណ២ហិកតា។

ក្រុមការងារកំពុងបន្តស្រាវជ្រាវដោយសហការជាមួយអាជ្ញាធរភូមិស្ពង់ ដើម្បីស្វែងរកជនល្មើស និងបានដាក់ស្លាកសញ្ញាដកហូតដីព្រៃដាក់ជាសម្បត្តិរដ្ឋនៅនឹងកន្លែងកាប់រានផងដែរ។ ក្រុមការងារ បន្តល្បាតដល់ចំណុចខាងត្បូងអូរស្លឹក ជាប់ព្រៃសហគមន៍តំបន់ការពារធម្មជាតិភូមិអន្លង់ភេ ដកហូតខ្សែអន្ទាក់សត្វព្រៃ ដែលជនសង្ស័យបានដាក់បង្កប់ក្នុងព្រៃចំនួន៣៤ខ្សែ។ ចំណែកនៅចំណុចអូរស្លឹក ក្រុមការងារ បានប្រទះដានជើងសត្វទន្សោង និងដានសត្វជ្រូកព្រៃផងដែរ។

ដោយឡែកនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ កម្លាំងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃសៀមប៉ាង បានចុះល្បាតដល់ចំណុចត្រពាំងពុំសែន ដកហូតបានសត្វត្រកួតរស់១ក្បាល និងអន្ទាក់ជ្រូកព្រៃចំនួន២៧ខ្សែ ដែលជនសង្ស័យទម្លាក់ចោល។ ក្រុមការងារ បានបន្តល្បាតទៅដល់ចំណុចជិតអូរតាណេល ដកហូតបានស្បៃបម្រុងដាក់យកត្រីខុសច្បាប់ ដែលជនសង្ស័យទម្លាក់ចោលហើយរត់គេចខ្លួន។ ចំពោះវត្ថុតាង ក្រុមការងារ បានយកមករក្សាទុកនៅស្នាក់ការ រីឯសត្វត្រកួត បានដោះលែងចូលព្រៃវិញ៕