ខេត្តរតនគិរី ៖ ស្ត្រីពោះធំម្នាក់ ខណៈកំពុងជិះម៉ូតូជាមួយប្អូនប្រុស ស្រាប់តែឈឺពោះខ្លាំងទ្រាំលែងបាន ក៏ប្រាប់ឲ្យប្អូនឈប់ម៉ូតូរួចដាក់ខ្លួនដេកនឹងដី ហើយសម្រាលបានកូនស្រីគួរឲ្យស្រលាញ់ម្នាក់ ដែលហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ។

ស្ត្រីដែលឈឺពោះសម្រាលកូនតាមផ្លូវនេះ មានឈ្មោះ ទូច សុខខឿន អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ មានប្តីឈ្មោះ ស៊ឹម បឿន អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្មករធ្វើចំការ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ស្ត្រីសម្រាលកូនខាងលើ បានជិះម៉ូតូជាមួយប្អូនប្រុស ធ្វើដំណើរទៅមណ្ឌលសុខភាព លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែឈឺពោះខ្លាំងទ្រាំលែងបាន ក៏ប្រាប់ឲ្យប្អូនឈប់ម៉ូតូ ហើយក៏សម្រាលបានកូនស្រីម្នាក់ ដោយមានការជួយពីសំណាក់ប្រជាពលរដ្ឋនៅទីនោះផង។

លោកសូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ បានឲ្យដឹងថា ក្រោយពីលោកទទួលបានដំណឹងនេះ លោកបានដឹកនាំកម្លាំងវេនប្រចាំបញ្ជាទី១ សហការជាមួយកម្លាំងប៉ុស្តិ៍ប៉ក់ញ៉ៃ យករថយន្តសង្គ្រោះមកដឹកស្ត្រីសម្រាលកូននោះមកមណ្ឌលសុខភាព ទាន់ពេលវេលាប្រកបដោយសុវត្ថិភាពទាំងម្តាយ និងកូន៕